ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំនៃវិស័យសកម្មភាពមីន ក្នុងការរក្សាការរួមចំណែកផ្នែកហិរញ្ញ វត្ថុ និងការណែនាំច្បាស់លាស់ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌ ទោះបីមានបញ្ហាប្រឈមដែលនៅសេសសល់ ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំ លើកទី១ នៃក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៥ (CfR5)–សកម្មភាពមីនសម្រាប់ការអភិវឌ្ឍមនុស្ស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តំណាងឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅស្នាក់ការអាជ្ញាធរមីន កិច្ចប្រជុំនេះ តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតលុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងតំណាងមូលនិធិជនពិការ។
លោក លី ធុជ បានបញ្ជាក់ថា៖ សារៈ សំខាន់នៃការរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាថាសកម្មភាពមីននៅកម្ពុជាបន្តការពារអាយុជីវិត ស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងបើក ឱកាសសម្រាប់ការអភិវឌ្ឍ។លោកបានបន្តថា ការរួមចំណែកនេះផងដែរ នឹងបញ្ជូនសញ្ញាដ៏រឹងមាំនៃសាមគ្គី ភាពអន្តរជាតិជាមួយនឹងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានមីន។
លោក លី ធុជ បានលើកឡើងថា ខណៈប្រទេសកម្ពុជាទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជា ច្រើនទសវត្សរ៍កន្លងមក ផលប៉ះពាល់ដែលនៅសេសសល់ កាន់តែមានភាពស្មុគស្មាញខ្លាំង ហើយផ្ទៃដីរងផលប៉ះពាល់ស្ថិតនៅក្នុងតំបន់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនេះផងដែរ ភាពតានតឹងនាពេលថ្មីៗនេះនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កើតបញ្ហាប្រឈមផ្នែកមនុស្សធម៌ និងទាមទារឱ្យបង្កើនប្រតិបត្តិការបន្ថែមទៀត។
លោក លី ធុជ បានបញ្ជាក់ទៀតថា ទោះបីមានបញ្ហាប្រឈមទាំងនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅតែបង្ហាញពីភាពជាម្ចាស់ដ៏រឹងមាំនៃវិស័យសកម្មភាពមីនក្នុងការរក្សាការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងការណែនាំច្បាស់លាស់ក្នុងការជំរុញសកម្មភាពមីនមនុស្សធម៌ ។ ការប្តេជ្ញាចិត្តរបស់សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិស័យសកម្មភាពមីន នៅតែឈរជើងយ៉ាងរឹងមាំជាអាទិភាពជាតិក្នុងការគាំទ្រសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្សាភ្ជាប់ទៅនឹងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ និងកិច្ចគាំពារសង្គមជាដើម។
តំណាងឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានអរគុណដល់ UNDP លុចសំបួ អ៊ីតាលី អូស្រ្តាលី ណូវែលហ្សឺឡង់ ដែលបានចូលរួមក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៥ ក៏ដូចជាប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលបានបន្តភាពជាដៃគូ និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអាទិភាពសកម្មភាពមីន និងរួមចំណែកក្នុងការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា ៕














