អ្នកនាំពាក្យរាជរដ្ឋាភិបាល៖​ ការគិតគូររបស់សម្តេចនាយករដ្ឋមន្ត្រី សម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន ក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់

ចែករំលែក៖

ភ្នំពេញ៖​ ថ្លែង​នៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានបញ្ជាក់ថា​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីការយកចិត្តទុកដាក់មើលថែទាំប្រជាពលរដ្ឋភៀសសឹកពីសំណាក់រាជរដ្ឋាភិបាល៖

យើងទាំងអស់គ្នាប្រាកដពិតជានៅចាំបានថា ក្នុងសារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាលក៏គិតគូរដោះស្រាយដើម្បីឱ្យបងប្អូនអាចរក្សាលំនឹងជីវភាពបាននៅក្នុងគ្រាដ៏លំបាកនេះ រហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។

ឆ្លើយតបនឹងបំណងប្រាថ្នានិងការគិតគូររបស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខបងប្អូនជនភៀសសឹក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានកំណត់តំបន់ដែលបានសិក្សារួច ដើម្បីរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញបាន។ នេះគឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់ជនភៀសសឹក ដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅពេលនេះ រហូតដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននាពេលខាងមុខ។ សូមជម្រាបជូនដែរថា រហូតមកទល់ពេលនេះ មានបងប្អូនជនភៀសសឹកជិត ៨៣% ហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញរួចជាស្រេច។ ការវិលត្រឡប់របស់ជនភៀសសឹកត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជ្រាបជាថ្មីម្តងទៀតថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅប្រមូលផ្តុំក្នុងមណ្ឌលសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល។ ពួកគេត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ (ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់ក្រកជាដើម) ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ សេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត និងសប្បុរសជនពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរ និងផ្តល់ជូនផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើង ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។

ចំណែកប្រជាពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់បីគឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក និងភ្លើងអគ្គិសនីជាដើម។

ជាក់ស្តែង ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក និងបានលុបចោលបំណុល (ទាំងប្រាក់ដើម ទាំងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារអាម៉េរិក ដើម្បីសម្រាលសំពាធហិរញ្ញវត្ថុជូនដល់ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ដោះស្រាយតាមគ្រប់មធ្យោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាគ្រួសារវីរយុទ្ធជនពលី និងវីរយុទ្ធជនរបួស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនថា បន្ទាប់ពីកិច្ចខិតខំស្វះស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលីនិងយុទ្ធជនរងរបួស ក៏ដូចជាការស្តារឡើងវិញនូវជីវភាពជនភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចុះវាយតម្លៃអំពីការខូចខាត និងផលប៉ះពាល់នានាឱ្យបានជាក់លាក់ ដើម្បីរាជរដ្ឋាភិបាលយកមកធ្វើជាមូលដ្ឋានក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏កំពុងខិតខំយ៉ាងខ្លាំងលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ទន្ទឹមគ្នានេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មក។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC) ថៃ។ កិច្ចប្រជុំប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជានិងថៃ។

ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាដើម្បីឈានទៅរកការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ។

...

គួររំលឹកថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សារជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print