ក្លឹបចំនួន 9 នឹងចាប់ផ្តើមរដូវកាលថ្មីនៃលីគកំពូលចិន (Chinese Super League) ជាមួយនឹងការកាត់ពិន្ទុ បន្ទាប់ពីអាជ្ញាធរបានដាក់ទណ្ឌកម្មក្លឹបនានា ក្រោយការស៊ើបអង្កេតអំពី «ការរៀបចំលទ្ធផលប្រកួត ការភ្នាល់បាល់ និងអំពើពុករលួយក្នុងវិស័យបាល់ទាត់»។
ក្លឹប Shanghai Shenhua ដែលជាក្រុមរងជើងឯករដូវកាលមុន ទទួលបានទណ្ឌកម្មធ្ងន់បំផុតរួមជាមួយក្លឹប Tianjin Tigers ដោយក្លឹបទាំងពីរត្រូវកាត់ពិន្ទុ 10 ពិន្ទុមួយក្រុមៗ។
ក្នុងចំណោមក្រុមដែលត្រូវបានដាក់ទណ្ឌកម្ម មាន 4 ក្រុមដែលបានធ្លាក់ចុះទៅលេងក្នុង China League One រួចហើយ។
ក្លឹបទាំង 13 ក៏ត្រូវបានផាកពិន័យជាប្រាក់ចន្លោះពី 21,000 ផោន ដល់ 104,000 ផោន (ប្រហែល 200,000 ដល់ 1 លានយ័ន) ផងដែរ។
ទណ្ឌកម្មទាំងនេះត្រូវបានចេញផ្សាយដោយអាជ្ញាធរ បន្ទាប់ពីការស៊ើបអង្កេតអំពីការភ្នាល់បាល់ទាត់ និងការលេងបន្លំលទ្ធផលប្រកួត។ សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ទណ្ឌកម្មមានគោលបំណង «រក្សាវិន័យឧស្សាហកម្ម សម្អាតបរិស្ថានបាល់ទាត់ និងរក្សាការប្រកួតប្រជែងដោយយុត្តិធម៌»។
សមាគមបាល់ទាត់ចិន (CFA) បាននិយាយថា ការកាត់ពិន្ទុ និងការផាកពិន័យប្រាក់ ត្រូវបានកំណត់អាស្រ័យលើទំហំ លក្ខណៈ ភាពធ្ងន់ធ្ងរ និងឥទ្ធិពលសង្គមនៃប្រតិបត្តិការមិនត្រឹមត្រូវ ដែលក្លឹបនីមួយៗបានពាក់ព័ន្ធ ហើយបានបន្ថែមថា សមាគមនឹងបន្តអនុវត្តគោលនយោបាយ «មិនអត់ឱនសោះ» ចំពោះអំពើពុករលួយ។
នៅខែកញ្ញា ឆ្នាំ 2024 មន្ត្រី និងកីឡាករចំនួន 43 នាក់ ត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត។
អតីតខ្សែបម្រើ Everton លោក Li Tie រួមជាមួយមនុស្សចំនួន 73 នាក់ទៀត ក៏ត្រូវបានហាមឃាត់ពីបាល់ទាត់អស់មួយជីវិតផងដែរ។ លោកគ្រូបង្វឹកវ័យ 48 ឆ្នាំរូបនេះ ត្រូវបានដាក់ពន្ធនាគារកាលពីឆ្នាំមុន បន្ទាប់ពីសារភាពថា បានកំណត់លទ្ធផលប្រកួត ទទួលសំណូក និងផ្តល់សំណូក ដើម្បីទទួលបានតំណែងគ្រូបង្វឹកជាន់ខ្ពស់៕










