សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមផ្អាកការវាយប្រហារលើ ទីក្រុងកៀវ និងបណ្ដាទីក្រុងដទៃទៀតរបស់អ៊ុយក្រែនរយៈពេលមួយសប្ដាហ៍ ដោយសារតែសីតុណ្ហភាពចុះត្រជាក់ខ្លាំងពេក។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានឱ្យដឹងដូច្នេះថា «យើងបានស្នើទៅកាន់ប្រធានាធិបតី ពូទីន ថាតើរុស្ស៉ីអាចបញ្ឈប់ការវាយប្រហារ រយៈពេល១សប្ដាហ៍បានដែរឬទេ? គាត់ (លោក ពូទីន) បានឯកភាព ហើយយើងពិតជារីករាយខ្លាំងណាស់»។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណគំនិតផ្ដួចផ្ដើម របស់ទីក្រុងវ៉ាស៊ីតោន ហើយថាការឯកភាពគ្នានេះគឺមានន័យថារុស្ស៉ីនឹងមិនវាយប្រហារកំណត់គោលដៅលើបណ្ដាញថាមពលរបស់អ៊ុយក្រែនឡើយ អំឡុងសីតុណ្ហភាពចុះត្រជាក់ខ្លាំង។
ក៏ប៉ុន្តែរុស្ស៉ីមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ បន្ថែមពីលើនេះ វិមានក្រឹមឡាំងក៏បានអញ្ជើញលោក ហ្សេលេនស្គី សាជាថ្មីឱ្យចូលរួមក្នុងកិច្ចចរចាក្នុងទីក្រុងមូស្គូផងដែរ ជាការអញ្ជើញមួយដែលលោក ហ្សេលេនស្គីធ្លាប់បានបដិសេធរួចហើយ។
ក្រុមមន្ត្រីសង្រ្គោះបន្ទាន់អ៊ុយក្រែន បាន និងកំពុងព្យាយាមជួសជុលប្រព័ន្ធកម្ដៅ និងស្ដារអគ្គីសនី នៅក្នុងទីក្រុងកៀវដែលបានដាច់រចន្តដោយសារការវាយប្រហារតាមផ្លូវអាកាសពី រុស្ស៉ីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ តាមក្រុមមន្ត្រីអ៊ុយក្រែន អគារអាផាធឺមិនចំនួន ៤៥៤ទីតាំងនៅតែបន្តគ្មានប្រព័ន្ធកម្ដៅ ស្របពេលសីតុណ្ហភាពធ្លាក់ចុះដល់ ១០អង្សាសេក្រោមសូន្យ ពេញមួយយប់ថ្ងៃព្រហស្បតិ៍ និងអាចធ្លាក់ចុះទាបជាងនេះនៅសប្ដាហ៍ក្រោយ៕
រូបថត: AP










