ភ្នំពេញ៖ រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ចំណាយថវិកាជាង ៤៦ លានដុល្លារ សម្រាប់ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារ ស្រ្តីមានផ្ទៃពោះ ចំនួន ១ ០៧១ ៦៣៧ ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។
បេីតាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។
តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ៤៦ ១៨១ ៥២៣ ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង៕
ដោយ៖តារា










