ខេត្តកំពត ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
សូមធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្រុមការងារចុះជួយមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ និងប្រជាជន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកែប ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជាក់ស្តែងនិយម ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។
ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់ជាតិ ខ្ញុំសូមជំរុញនិងណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្ត ដូចខាងក្រោម៖
១. បន្តធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋាន តាមរយៈការបន្តទប់ស្កាត់ឱ្យបាននូវការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនត្រូវឱ្យមាននៅក្នុងភូមិសាស្ត្រខេត្តកែប ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
២. បន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គម្រោងវិនិយោគរបស់រដ្ឋ និងវិស័យឯកជននានា ជាពិសេសពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។
៣. កសាងខឿនទេសចរណ៍ខេត្តកែប ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូល និងកាត់បន្ថយបំណុលគ្រួសារ ព្រមទាំងបង្កើនផ្នត់គំនិតជាសហគ្រិនមូលដ្ឋាន និងគំនិតច្នៃប្រឌិតក្នុងការបង្កើតមុខរបរឱ្យប្រជាពលរដ្ឋ។
៤. រៀបចំទីកែប ជាកន្លែងសម្រាកលំហែដែលផ្សារភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍របស់ប្រទេសជិតខាង និងទេសចរណ៍ផ្លូវទឹកនានា ដែលប្រកបដោយបរិយាកាសរីករាយ មានសណ្តាប់ធ្នាប់ និងមានម្ហូបអាហារឆ្ងាញ់និងតម្លៃសមរម្យ ៕
ដោយ : សិលា










