ខេត្តកំពង់ស្ពឺ៖ នារីពីរនាក់បងប្អូនត្រូវបាន កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិសង្កាត់រការធំ នៃអធិការដ្ឋាននគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ស្ត្រីជាជនរងគ្រោះ ខណៈដែលនារីពីរនាក់បងប្អូនផឹកស្រាស្រវឹងជោគ ហើយយកដុំថ្មមកព្រួតវាយនិងគប់លើស្ត្រីរងគ្រោះដល់បន្ទប់ជួលបណ្តាលឱ្យរងរបួសតែម្តង។
ករណីហិង្សាដោយចេតនាបង្កឡើងដោយនារីពីរនាក់បងប្អូនទៅលើស្ត្រីរងគ្រោះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា÷ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ អ៊ុំ សាមុី ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ យូ ដាឡែន ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបក្ខពួក បានធ្វើសកម្មភាព មកជេរបញ្ចោរ នៅមុខបន្ទប់ជួលរបស់ខ្លួន ខណៈនោះខ្លួនបានចេញពីក្នុងបន្ទប់ មកសួរនាំ ក៏ស្រាប់តែឈ្មោះ យូ ដាឡែន បានស្ទុះយកដុំថ្ម មកវាយខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង ជង្គង់ រង្វង់ភ្នែក និងកែងដៃ ពេលកំពុងប្រតាយប្រតបគ្នា ស្រាប់តែបក្ខពួករបស់គេម្នាក់ទៀត បានចូលចាប់រូបខ្លួន ឲ្យរូបគេវាយបន្ថែមទៀត បន្ទាប់មកខ្លួនក៏បានរើបំរាស់រួច រត់ចូលក្នុងបន្ទប់ជួល ហើយឈ្មោះ យូ ដាឡែន ក៏យកដុំថ្ម គប់មកលើទ្វារបន្ទប់របស់ខ្លួនទៀត ក្រោយបង្កហេតុទាំងពីរនាក់បានរត់គេចខ្លួនបាត់ ។
នគរបាលក្រុងច្បារមនបានបន្តថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងស្ត្រីរងគ្រោះខាងលើ ផ្នែកយុត្តិធម៌សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់រការធំ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់÷ ទី១- ឈ្មោះ យូ ចិន្តា ហៅ ឡែន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ យូ ដាលីន ភេទស្រី អាយុ៣០ឆ្នាំ ទាំងពីរស្នាក់នៅបន្ទប់ជួល ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ យកមកសាកសួរ។ ជនសង្ស័យដៃដល់ទាំងពីរនាក់បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់របស់ស្ត្រីរងគ្រោះខាងលើ ពិតប្រាកដមែន មូលហេតុមកពីស្រវឹងស្រា។
នគរបាលក្រុងច្បារមនបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ រួមជាមួយវត្ថុតាងដុំថ្ម នគរបាលក្រុងច្បារមនបានកសាងសំណុំរឿង បញ្ជូនទៅ ផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕










