តាមរបាយការណ៍ស្ទង់មតិឯកជនមួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យនេះតម្លៃមធ្យមនៃផ្ទះថ្មីនៅទូទាំងទីក្រុងចំនួន 100 នៅប្រទេសចិន បានកើនឡើងក្នុងខែមករា ប៉ុន្តែទីផ្សារផ្ទះលក់បន្ត (secondary market) បានថយចុះបន្តិចបន្ទាប់ពីរដ្ឋាភិបាលបានប្តេជ្ញាឡើងវិញក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យមានស្ថិរភាព។
តម្លៃផ្ទះថ្មីបានកើនឡើង 0.18% បើប្រៀបធៀបនឹងខែមុន នេះបើយោងតាម China Index Academy ដែលជាស្ថាប័នស្រាវជ្រាវអចលនទ្រព្យធំមួយនៅប្រទេសចិន។
ទីក្រុងដូចជា Chengdu, Shanghai និង Hangzhou បានដាក់លក់គម្រោងលំនៅឋានកម្រិតខ្ពស់ និងបានធ្វើការកែលម្អថ្មីៗ ក្នុងខែមករា ដែលជួយលើកកម្ពស់តម្លៃទាំងតាមខែ និងតាមឆ្នាំ នៅទីក្រុងលំដាប់ទី១ និងទី២ ដូចដែលស្ថាប័នស្រាវជ្រាវបានលើកឡើង។
ផ្ទុយទៅវិញ ទីក្រុងលំដាប់ទី៣ និងទី៤ នៅតែបន្តដោះស្រាយបញ្ហាស្តុកផ្ទះដែលមានស្រាប់ ដោយតម្លៃនៅតែធ្លាក់ចុះទាំងតាមខែ និងតាមឆ្នាំ។
តម្លៃផ្ទះនៅទីផ្សារលក់បន្ត បានធ្លាក់ចុះ 0.85% បើប្រៀបធៀបនឹងខែមុន ដែលប្រសើរឡើងបន្តិចពីការធ្លាក់ចុះ 0.97% នៅខែធ្នូ។
ស្ថាប័នស្រាវជ្រាវបានព្យាករណ៍ថា ការលក់អាចនឹងថយចុះនៅខែកុម្ភៈ ដោយសារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន (Spring Festival) ប៉ុន្តែតម្រូវការនឹងមានសញ្ញាឡើងវិញនៅខែមីនា ខណៈដែលដីមានគុណភាពខ្ពស់នៅទីក្រុងស្នូលត្រូវបានដាក់លក់ និងក្រុមហ៊ុនអភិវឌ្ឍន៍បង្កើនសកម្មភាពផ្សព្វផ្សាយមុនថ្ងៃបុណ្យ៕










