ខេត្តបាត់ដំបង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទីយប់ នៅចំណុចក្រុមទី០៧ ស្ថិតក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្ដាលឱ្យឆេះផ្ទះ ចំនួន ១ខ្នង (ខូចខាត៣០%) ដែលមានទំហំ ០៨ម៉ែត្រ x ០៦ម៉ែត្រ សង់អំពីជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ផ្ទះឈ្មោះ នាក់ លី ភេទស្រី អាយុ៧៥ឆ្នាំ រស់ នៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីការធ្វេសប្រហែស ឆេះភ្លេីងចង្រ្កាន ដាំបាយហើយទុកចោលមិនបានពន្លត់ ទើបបណ្តាលឱ្យមានអគ្គិភ័យតែម្តង ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ ។ សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះ ០១ខ្នង, ឆេះទូរស័ព្ទ ០១គ្រឿង, ឆេះកង់អាគុយ ០១គ្រឿង, ឆេះម៉ាស៊ីនដេរ ០១គ្រឿង, ឆេះតុ ទូ អង្ក និងសម្ភារផ្សេងៗមួយចំនួនទៀត ។ សម្ភារខូចខាតគិតជាទឹកប្រាក់អស់ជាង ១,០០០ដុល្លា (មួយពាន់ដុល្លា)។
ករណីនេះដែរ កម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕










