ខេត្តពោធិ៍សាត់÷ បឹងទន្លេសាប ប្រទេសកម្ពុជា (ទិវាដីសើមពិភពលោក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦)៖ សត្វខ្លាត្រី១ក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះ ឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។
លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញ បច្ចេកទេសអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន ដោយលោកស្រីសង្កត់ធ្ងន់ដែរថា៖ «កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិច តួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរ ដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ហើយវាផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ។”
សត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ វាមានមានធំជាឆ្មាស្រុក ២ដង ហើយច្រើនរស់នៅតែឯកឯង។ សត្វខ្លាត្រី ប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាច ហែលទឹកបានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។ ចំណីចម្បងរបស់វាមានដូចជាសត្វត្រី សត្វកកេរ សត្វ ស្លាប និងសត្វលូនជាដើម។
នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគេ ឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោង កាង ឧទ្យាន ជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១ កាលពីឆ្នាំ២០២២)។ ការបញ្ជាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)។
លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានកត់សំគាល់ថា៖ «ការត្រឡប់មក វិញរបស់ ខ្លាត្រីនេះ គឺជាសក្ខីភាពនៃការស្ដារតំបន់ ដីសើមដែលផ្អែកមូលដ្ឋានវិធីសាស្ត្របែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេសគឺ ការចូលរួមពីសហគមន៍មូលដ្ឋាន ដោយគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។ តាមរយៈការស្តារសុខភាពអេកូឡូ ស៊ីឡើងវិញ យើងកំពុងរក្សាបាននូវជម្រកដែលមានតម្លៃឥតគណនាសម្រាប់មនុស្ស និងជីវចម្រុះ ទន្ទឹមនឹងការជម្រុញ ភាពធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់នោះផងដែរ។»
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «វត្តមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករដ៏សំខាន់មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់ គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។ ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់នៃការស្តារនិងការពារជម្រក ព្រៃលិចទឹកឡើង វិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាព នៃការរក្សាធនធានជលផល និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ។»
ឯកឧបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការប្រទះឃើញខ្លាត្រីមួយ ប្រភេទឡើងវិញនៅតំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់ថា៖ «របកគំហើញនេះគឺភស្តុតាងបង្ហាញពីការរីកចម្រើននៃ ប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា និងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយ របស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើ ការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជា ពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។ វាក៏បានបានឆ្លុះបញ្ចាំងទាំងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌជីវៈចម្រុះសកល និងបង្កើនភាពបៃតងនៃភពផែនដី សម្រាប់អ្នកជំនាន់ ក្រោយ។»
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយសហគមន៍នេសាទក្នុងស្រុកចំនួន ១៦ រដ្ឋបាលជលផល និងក្រសួង បរិស្ថាន បានស្តារព្រៃលិចទឹកដែលបានប្រមាណជាង ១ ០០០ហិកតា នៅជុំវិញបឹង ទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្ដារតំបន់ដីសើមឡើងវិញរួមមាន ការដាំដើមឈើដើមឡើងវិញ និងការលើក ទឹកចិត្តដល់ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និង គាំទ្រដោយផ្ទាល់ដល់ជីវភាពរស់ នៅរបស់សហគមន៍ក្នុងតំបន់ជាដើម៕










