សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្សាយថាការស្ទង់មតិមួយដោយកាសែតជប៉ុន Asahi បានបង្ហាញកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា គណបក្សរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ទំនងជានឹងទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលនាថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ។
លទ្ធផលស្ទង់មតិរបស់កាសែត Asahi បានបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី LDP របស់លោកស្រី Takaichi ទំនងជានឹងឈ្នះបានអាសនៈច្រើនលើសពីចំនួន២៣៣អាសនៈ ដែលជាចំនួនសំឡេងភាគច្រើនក្នុងចំណោមអាសនៈសរុប៤៦៥ នៅរដ្ឋសភា ខណៈបច្ចុប្បន្ន LDP មានអាសនៈត្រឹម១៩៨។ តាមការស្ទង់មតិ បើបូកបញ្ចូលជាមួយគណបក្សដែលជាដៃគូ គឺបក្ស Japan Innovation Party ហៅកាត់ Ishin ថែមទៀតនោះ សម្ព័ន្ធភាពកាន់អំណាច ទំនងជានឹងក្តោបក្តាប់អាសនៈសរុបរហូតដល់៣០០ឯណោះ។
បច្ចុប្បន្ន គណបក្ស LDP រួមជាមួយបក្ស Ishin គ្រប់គ្រងសំឡេងភាគច្រើនដ៏ស្តួចស្តើងបំផុតមួយនៅរដ្ឋសភា ហើយមានសំឡេងភាគតិចប៉ុណ្ណោះនៅព្រឹទ្ធសភា។ លោកស្រី Takaichi បានរំលាយសភាកាលពីចុងខែមុន ហើយស្នើឱ្យបោះឆ្នោតមុនអាណត្តិនៅថ្ងៃទី៨ ខែកុម្ភៈ ដើម្បីព្យាយាមពង្រឹងអាណត្តិកាន់អំណាច ក្នុងគោលដៅជំរុញគោលនយោបាយធំៗរបស់លោកស្រី។ លោកស្រី បានក្លាយជាមេដឹកនាំបក្ស LDP និងជានាយករដ្ឋមន្រ្តីកាលពីខែតុលា ឆ្នាំ២០២៥ ក្រោយអតីតនាយករដ្ឋមន្រ្តី លោក Shigeru Ishiba លាលែងពីតំណែង៕ ដោយធីរីណា
រូបថត:AFP










