ក្នុងសង្រ្គាមនៅអ៊ុយក្រែន មន្រ្តីជំនិតរបស់លោក ពូទីន ថាជ័យជម្នះនឹងមកដល់ឆាប់ៗនេះ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៉ី លោក Dmitry Medvedev ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រុស្ស៉ីនឹងទទួលបានជ័យជម្នះយោធានាពេលឆាប់ៗ ក្នុងសង្រ្គាមអ៊ុយក្រែន។

ក្នុងកិច្ចសម្ភាសមួយនៅពេលត្រូវបានសាកសួរថា តើរុស្ស៉ីនឹងឈ្នះសង្រ្គាមនៅពេលណា លោក Medvedev ដែលធ្លាប់កាន់តំណែងជា ប្រធានាធិបតីរុស្ស៉ីចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានឆ្លើយតបថា «ក្នុងពេលឆាប់ៗ។ ខ្ញុំចង់ឱ្យរឿងនេះកើតឡើងឆាប់រហ័ស តាមតែអាចទៅរួច»។ លោក Medvedev បានបន្តថា «ប៉ុន្តែវាក៏សំខាន់ដូចគ្នាដែរ ក្នុងការគិតអំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ព្រោះគោលដៅនៃជ័យជម្នះ គឺទប់ស្កាត់ការផ្ទុះជម្លោះសាជាថ្មី ហើយរឿងនេះគឺជាក់ស្តែងបំផុត»។
បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កិច្ចពិភាក្សាត្រីភាគីជុំទី២ រវាងរុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ត្រូវបានគ្រោងរៀបចំឡើងក្នុងសប្តាហ៍នេះ នៅទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី៤ និងទី៥ ខែកុម្ភៈ បន្ទាប់ពីកិច្ចពិភាក្សាជុំទី១ ដែលប្រារព្ធឡើងកាលពីជាងមួយសប្តាហ៍មុន មិនអាចទម្លុះភាពជាប់គាំង។
សហរដ្ឋអាមេរិកអះអាងថា ខ្លួនកំពុងខិតកាន់តែកៀកក្នុងការឆ្ពោះទៅសម្រេចបាន នូវកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ ទីក្រុងមូស្គូ និងទីក្រុងកៀវហាក់មិនទាន់អាចស្វែងរកការឯកភាពគ្នានៅឡើយ ជុំវិញបញ្ហាទឹកដីដ៏សំខាន់។ រុស្ស៉ីដែលសព្វថ្ងៃគ្រប់គ្រងទឹកដីប្រហែល២០ភាគរយរបស់អ៊ុយក្រែន កំពុងជំរុញចង់បានការគ្រប់គ្រងទាំងស្រុង លើតំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែន បញ្ចូលក្នុងកិច្ចព្រមព្រៀងណាមួយ ហើយបានគំរាមថា នឹងដណ្តើមកាន់កាប់តំបន់នេះដោយប្រើកម្លាំង ប្រសិនបើការចរចាបរាជ័យ។
ចំណែកឯអ៊ុយក្រែនវិញ បានព្រមានថា ការកាត់ទឹកដីនឹងធ្វើឱ្យរុស្ស៉ីកាន់តែបានចិត្ត ហើយទីក្រុងកៀវនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដែលមិនអាចទប់ស្កាត់រុស្ស៉ីពីការឈ្លានពានម្តងទៀតឡើយ។ ប្រជាជនអ៊ុយក្រែនភាគច្រើនយល់ថា គំនិតនៃការលះបង់ទឹកដីដែលកងទ័ពរបស់ពួកគេ បានតស៊ូពលីការពារប៉ុន្មានឆ្នាំមកនេះ គឺជារឿងដ៏អយុត្តិធម៌៕

...

រូប​ថត​: Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print