ពិធីចាប់ត្រីតាមបែបបុរាណឆ្នាំនេះនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំនឹងធ្វើនៅថ្ងៃទី១៤ខែកុម្ភៈ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់រមណីយដ្ឋានបឹងត្រពាំងក្រម ស្ថិតនៅក្នុងភូមិសាទុំ ឃុំ​ជាំក្រ​វៀន ស្រុកមេមត់រួចមក លោក ប៉ែន កុសល្យ អភិបាលនៃគណៈអ​ភិបាល​ខេត្ត​ត្បូ​ង​ឃ្មុំ ​បានសម្រេចយកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំពិធីចាប់ត្រីតាមបែបបុរាណ ដែល​តែង​ប្រារ​ព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំនៅបឹងត្រពាំងក្រមនេះ។

ជាមួយការចុះពិនិត្យនេះលោក ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរស្រុក និង​កង​កម្លាំង​ទាំង​អស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិ​សេស​ការរៀ​ប​ចំ​ចំណត​យាន​យន្តនិងបង្គន់អនាម័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវ​ទេសចរ​ដែល​នឹងមកលេងកម្សាន្តឱ្យបានល្អបំផុត។ ព្រោះនេះជាការលើកស្ទួយវប្បធម៌ និង​រក្សា​នូវ​ប្រពៃណី​ទំនៀមទម្លាប់បន្សល់ទុកពីបុរាណរបស់ដូនតានៃប្រជាជនភូមិសាទុំ ឃុំជាំក្រវៀន ស្រុក​មេមត់ ពិសេស​ក៏​ជា​ការ​រួម​ចំណែកបង្កើន​ស្មារតី​ទេសចរ​ណ៍ក្នុង​ខេត្ត​ត្បូងឃ្មុំឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ផង​ដែរ។

ការរក្សា​បាននូវប្រពៃណីចាប់ត្រីតាមបែបបុរាណដោយប្រើប្រាស់ឧបករណ៍នេសាទដូចជា អង្រុត ឈ្នាង ត្រក ​ក្អុះ ជាដើម ដោយមិនអនុញ្ញាតឳ្យប្រើឧបករណ៍ទំនើបឬល្មើសច្បាប់ឡើយ ដែល​នេះ​គឺជា​ការបង្ហាញពីតម្លៃវប្បធម៌ និងការចេះរស់នៅ​ចុះ​សម្រុង​ជាមួ​យធ​ម្មជា​តិ​រប​ស់​ប្រជា​ជន​ខ្មែរ​គ្រប់​ជំនាន់។ ជាក់ស្តែងពិធីនេះត្រូវបានសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយ​ពី​មួយឆ្នាំទៅមួយឆ្នាំមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើនឡើងៗរួមទាំងជនបរទេសផង ។

...

សូម​ជម្រាបថា បឹងត្រពាំងក្រមមានផ្ទៃជម្រាលប្រមូលទឹក៣០ហិកតានិងមានបឹងតូចៗ ២០បឹង​ជា​សាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយជារៀង​រាល់​ដើម​ឆ្នាំ​ក្នុង​អំឡុង​ខែ​កុម្ភៈ ប្រជាពលរដ្ឋនៅទីនេះតែងតែប្រារព្ធពិធីចាប់ត្រីយកមកចម្អិនហូបជុំគ្នា ដែលជា​ទំនៀម​ទម្លាប់តាំងពីដើមរហូតមកដល់សព្វថ្ងៃ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀ​វ​ទេសចរ​អន្តរជា​តិ​អញ្ជើញចូលរួមឲ្យបានច្រើនកុះករនៅថ្ងៃទី១៤ កុម្ភៈខាងមុខនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print