ខេត្តរតនគិរី៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី “ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ចំណុចផ្ទះឈ្មោះស្រេង សេងគង់ ស្ថិតក្នុងភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាតស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជន សង្ស័យចំនួន ៣នាក់។
វត្ថុតាងដករហូតរួមមាន ម៉ូតូ១គ្រឿង, ទូរសព្ទដៃចំនួន ២គ្រឿង, ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕










