ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការបណ្ដេញជនបរទេសសរុប ៤២៨នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់។
ជាក់ស្ដែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤២៨នាក់ (ស្រី៤នាក់) មាន ៨សញ្ជាតិ រួមមាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស កូរ៉េ ប៉ាគីស្ថាន យូហ្គង់ដា នីហ្សេរីយ៉ា និងឥណ្ឌា ក្នុងនោះមានជនជាតិចិន(៤០១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖តារា









