ក្រុមចោរចូលលួចម៉ូតូដល់ក្នុងផ្ទះត្រូវម្ចាស់ផ្ទះស្ទុះទៅចាប់បានម្នាក់ ខណៈបក្ខពួក២នាក់ទៀតបើកម៉ូតូរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើ សកម្មភាពចូលលួចម៉ូតូដល់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ស្ទុះទៅចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ៈ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ផែន ស៊ុនលី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកឯជន សង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ លង ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដែលមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ រីឯបក្ខពួក២នាក់ ទៀតដែលរត់គេចខ្លួនមានឈ្មោះ ស្រ៊ លាងហេង ហៅវ៉ែន ភេទប្រុស អាយុ ២៧ឆ្នាំ និងឈ្មោះ សេត ដេត ភេទប្រុស អាយុ២៥ឆ្នាំ ។

លោកអធិការបានបន្តថា មុនពេលកើតហេតុនៅល្ងាចថ្ងៃទី៣ កុម្ភៈ ២០២៦ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួនទៅទុកក្នុងរបងផ្ទះខាងមុខបន្ទប់ រួចក៏ចូលសម្រាកជាមួយប្រពន្ធ។ លុះមកដល់វេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ កុម្ភៈ ២០២៦ ជនរង គ្រោះបានឮសូរសំឡេងឆ្កែព្រុសខ្លាំងៗ ក៏ចេញមកមើលស្រាប់តែឃើញជនសង្ស័យឈ្មោះ លង ពេជ្រ កំពុងធ្វើសកម្មភាពកាច់សោ.កម៉ូតូ។ ឃើញដូច្នេះ ជនរងគ្រោះបានស្ទុះទៅចាប់ក្រសោបជនសង្ស័យជាប់និងស្រែកហៅប្រពន្ធឲ្យជួយ។ ពេលនោះបក្ខពួកជនសង្ស័យ២នាក់ទៀតដែលអង្គុយចាំលើម៉ូតូនៅផ្លូវមុខផ្ទះឃើញសភាពមិនស្រួលក៏ជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ។

លោកអធិការបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែកបានចុះទៅដល់ទីតាំងកើតហេតុ និងនាំខ្លួនជនសង្ស័យមកសាកសួរ។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកមានម៉ូតូ១គ្រឿង ម៉ាក GTR GINIO ពណ៌ប្រផេះ ពាក់ស្លាកលេខ 1KS-5180 របស់ជនរងគ្រោះ និងកូនកាំបិតចុងស្រួចចំនួន ១ របស់ជនសង្ស័យ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លង ពេជ្រ សារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយកាលពីយប់ថ្ងៃទី៣ កុម្ភៈ វេលាម៉ោង ១និង០០នាទី រំលងអធ្រាត្រ ពួកខ្លួនក៏ធ្លាប់បានលួចកូនធុងបាស់របស់ជនរងគ្រោះបានសម្រេចម្តងរួចមកហើយដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print