នាយកប្រតិបត្តិក្រុមហ៊ុន Nvidiaថានឹង វិនិយោគ ២០ពាន់លានដុល្លារក្នុងជុំបន្ទាប់របស់ OpenAI

ចែករំលែក៖

នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានប្រាប់ CNBC ក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ (ថ្ងៃទី 3 ខែកុម្ភៈ) ថា ក្រុមហ៊ុននឹងពិចារណាវិនិយោគក្នុងជុំប្រមូលមូលនិធិបន្ទាប់របស់ OpenAI និងការចេញផ្សាយភាគហ៊ុនជាសាធារណៈ (IPO) នាពេលអនាគតរបស់ក្រុមហ៊ុនទើបចាប់ផ្តើមមួយនេះ។

យោងតាមរបាយការណ៍របស់ Bloomberg News កាលពីថ្ងៃអង្គារដដែល ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរឿងនេះ OpenAI ក៏កំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយ ដែលអាចនាំឲ្យ Nvidia វិនិយោគប្រហែល ២០ ពាន់លានដុល្លារអាមេរិក ក្នុងជុំប្រមូលមូលនិធិថ្មីចុងក្រោយ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Amazon និងវិនិយោគិនដូចជា SoftBank Group Corp កំពុងប្រជែងគ្នាបង្កើតភាពជាដៃគូជាមួយ OpenAI ដោយភ្នាល់ថា ទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនបញ្ញាសិប្បនិម្មិតនេះ នឹងផ្តល់អត្ថប្រយោជន៍ប្រកួតប្រជែងក្នុងការប្រណាំង AI។

មុននេះនៅថ្ងៃអង្គារ លោក Huang បានប្រាប់ CNBC ថា ផែនការវិនិយោគរបស់ Nvidia ក្នុង OpenAI នៅតែដំណើរការតាមគម្រោង បន្ទាប់ពីមានព័ត៌មានចុងក្រោយថា កិច្ចព្រមព្រៀងនេះត្រូវបានផ្អាក។

កាលពីខែកញ្ញាឆ្នាំមុន Nvidia បានប្រកាសផែនការវិនិយោគរហូតដល់ ១០០ ពាន់លានដុល្លារអាមេរិក ក្នុង OpenAI និងផ្គត់ផ្គង់ឧបករណ៍ឈីបសម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Center)។

របាយការណ៍នេះចេញមក បន្ទាប់ពី Wall Street Journal បានរាយការណ៍ថា ផែនការវិនិយោគខែកញ្ញារបស់ Nvidia ត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហ៊ុនផលិតឈីបមានការសង្ស័យអំពីកិច្ចព្រមព្រៀងនេះ។

លោក Huang ក៏បាននិយាយកាលពីថ្ងៃសៅរ៍ថា Nvidia មានគម្រោងវិនិយោគយ៉ាង “ធំខ្លាំង” ក្នុង OpenAI ដែលអាចជាការវិនិយោគធំបំផុតមួយរបស់ក្រុមហ៊ុន។

យោងតាមរបាយការណ៍របស់ Reuters មុននេះ OpenAI កំពុងស្វែងរកការប្រមូលមូលនិធិរហូតដល់ ១០០ ពាន់លានដុល្លារអាមេរិក ដោយវាយតម្លៃក្រុមហ៊ុនប្រហែល ៨៣០ ពាន់លានដុល្លារ។

...

Reuters ក៏បានរាយការណ៍កាលពីថ្ងៃចន្ទថា OpenAI មិនពេញចិត្តជាមួយឈីប AI ជំនាន់ថ្មីមួយចំនួនរបស់ Nvidia ហើយបានស្វែងរកជម្រើសផ្សេងៗតាំងពីឆ្នាំមុនមក ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ ដែលជាអ្នកលេចធ្លោក្នុងការរីកចម្រើន AI មានភាពស្មុគស្មាញបន្ថែម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print