ខេត្តកំពង់ស្ពឺ÷មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន ឱ្យដឹងនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថាដោយអនុវត្តតាមការចង្អុលបង្ហាញរបស់នាយឧត្ដម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីនៅវេលាម៉ោង១០:០៥នាទីព្រឹក នាថ្ងៃ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងច្បារមនបានចេញល្បាត ដល់ចំនុចផ្លូវ បំបែក ស្ថិតនៅភូមិត្រាចជ្រុំ សង្កាត់សុព័រ៍ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ ជាប់ពាក់ព័ន្ធករណីករណីគ្រឿងញៀន។
ជនសង្ស័យមាន៖ឈ្មោះ លិន រដ្ឋសភា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រហូតដល់វេលាម៉ោង១៨:១០នាទីល្ងាច(ថ្ងៃ.ខែ.ឆ្នាំ ដដែល)កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន សហការជាមួយ កម្លាំងមន្ទីរស្រាវជ្រាវ បង្រ្កាបទល្មេីស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានកំណត់មុខសញ្ញា ស្រាវជ្រាវបន្តឃាត់ខ្លួនជន សង្ស័យបានម្នាក់ទៀត នៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ដោយជនសង្ស័យឈ្មោះ ឈុំ សុីថេត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោមវិធានការជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២:៥៦នាទីរសៀល នាថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាបនិងបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង កំណត់មុខសញ្ញាបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយជនសង្ស័យមាន ឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ ប៉ែន ប៊ុនធឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦វេលាម៉ោង១៤និង ៣៧ នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបន្តសហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ចុះឆែកឆេរផ្ទះរបស់ឈ្មោះ ប៉ិច សុថុន ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិគរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (តែជនសង្ស័យរត់គេចខ្លួនបាត់)។
ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបចំនួន៤ទីតាំងផ្សេងគ្នានេះ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២១កញ្ចប់(ទម្ងន់៧៥១.៤ក្រាម),
ទូរស័ព្ទចំនួន០៤គ្រឿង,នាឡិកាដៃចំនួន០១គ្រឿង,កាបូបចំនួន០១,ម៉ូតូចំនួន០១គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,ផ្លាកលេខរថយន្តចំនួន០២គូរ ( ០៤សន្លឹក) (ភ្នំពេញ 2AP-3745 និង ខេមរភូមិន្ទ 2-9083),ប័ណ្ណសម្គាល់យានយន្ត ចំនួន០១សន្លឹក, កាតគ្រីរថយន្តចំនួន០២សន្លឹក,កាតគ្រីម៉ូតូចំនួន០៩ សន្លឹក,លតាប័ត្ររថយន្ត MC ចំនួន ០១ សន្លឹក, អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ចំនួន០១សន្លឹក(ឈ្មោះ ប៉ិច សុថុន) និងថង់ច្រកព្រមទាំងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕










