ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានសម្រេច បន្ទាប់ពីព្យាយាមលោតចូលទឹកហែលគេចខ្លួន ខណៈកំពុងធ្វើសកម្មភាពជិះទូកលក់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងព្រែក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ កុម្ភៈ ២០២៦ វេលាម៉ោង ១១ និង០០ នាទី ព្រឹក នៅចំណុចមាត់ព្រែកតាហ៊ីង ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ស្រូយ ឈ្នះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកន្លែងកើតហេតុខាងលើ ដែលរូបគេមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។
លោកអធិការបានបន្តថា មុនពេលឈានដល់ការបង្ក្រាប មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅលើទូកក្នុងព្រែកតាហ៊ីង។ ភ្លាមនោះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានចុះទៅដល់ចំណុចកើតហេតុទាំងតាមផ្លូវទឹកនិងផ្លូវគោក ក៏ប្រទះឃើញជនសង្ស័យកំពុងជិះទូកម្នាក់ឯង។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ជន សង្ស័យបានលោតចុះទឹកហែលឡើងគោកដើម្បីរត់គេចខ្លួន និងបានទម្លាក់កាបូបចោលក្នុងទឹក ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាននៅមាត់ព្រែក។
លោកអធិការបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញថ្នាំញៀនដែលជនសង្ស័យទម្លាក់ចោល។ វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ៥កញ្ចប់ មធ្យម (ទម្ងន់ ១៥,៦៦ក្រាម), ទូរស័ព្ទ ១គ្រឿង ម៉ាក TECNO, ទូកស្មាច់ ១គ្រឿង, ម៉ាស៊ីនកាណូត ១គ្រឿង, កាបូប ២, ប្រាក់ ១២០០០រៀល និងសម្ភារវេចខ្ចប់មួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស្រូយ ឈ្នះ សារភាពថា ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនប្រាកដមែន ដោយរូបគេនិងបងជីដូនមួយឈ្មោះ ម៉ៅ ឃុង (គេចខ្លួន) បានទិញពីឈ្មោះ ចិត្រ នៅក្រុងសំពៅពូន ក្នុងតម្លៃ ៣៦ម៉ឺនរៀល យកមកបំបែកជាកញ្ចប់តូចៗដើម្បីលក់បន្ត។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










