ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៦​ បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ឯកឧត្តម​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ ក្នុងឱកាសដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។

...

ប្រមុខរដ្ឋាភិបាល​ទាំងបី​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រមុខ​រដ្ឋាភិបាល​ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។ កិច្ចប្រជុំ​ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។ ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​ទាំងបី​ ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍”ប្រទេសបី-គោលដៅមួយ”៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print