អាមេរិក-អ៉ីរ៉ង់កិច្ចចរចាមានភាពល្អប្រសើរ អាចនឹងមានកិច្ចចរចាបន្ថែមទៀត បញ្ចប់ភាពតានតឹង

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានកិច្ចចរចាដ៏ល្អស្ដីពីអ៉ីរ៉ង់ បន្ទាប់ពីភាគីទាំងសងខាង បានចូលរួមក្នុងកិច្ចចរចាដោយប្រយោលមួយក្នុងប្រទេសអូម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ៉ីរ៉ង់វិញក៏បាននិយាយដែរថាកិច្ចពិភាក្សានៅអូម៉ង់ជាមួយសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសវិជ្ជមាន ហើយសង្ឃឹមថាអាចនឹងមានកិច្ចចរចាបន្ថែមទៀត។ ខណៈកងនាវាចម្បាំងមួយក្រុម ដឹកនាំនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln កំពុងឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រុមមន្ត្រីប្រតិភូអាមេរិក និងអ៉ីរ៉ង់បានបើកកិច្ចពិភាក្សាដោយប្រយោលនៅក្នុងទីក្រុង Muscat ក្រោមការសម្របសម្រួលរបស់អូម៉ង់។ ភ្លាមៗក្រោយកិច្ចពិភាក្សានេះបិទបញ្ចប់ សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងក្រុមហ៊ុនដឹកជញ្ជូន និងកប៉ាល់មួយចំនួនក្នុងគោលបំណងកំហិតលើ ការនាំចេញប្រេងរបស់អ៉ីរ៉ង់។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើទណ្ឌកម្មនេះមានជាប់ពាក់ព័ន្ធនឹងកិច្ចចរចាឬក៏យ៉ាងណានោះទេ ហើយនេះគឺជាកិច្ចពិភាក្សាលើកដំបូងបំផុតរវាងអាមេរិក និងអ៉ីរ៉ង់ ចាប់តាំងពី សហរដ្ឋអាមេរិកចូលរួមជាមួយអ៉ីស្រាអែលក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥។
ថ្លែងនៅលើយន្ដហោះ Air Force One នៅតាមផ្លូវឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកមានកិច្ចពិភាក្សាដ៏ល្អជាមួយអ៉ីរ៉ង់ ហើយ ជំនួបអាចនឹងធ្វើឡើងជាថ្មីនៅដើមសប្ដាហ៍ក្រោយ។ ប៉ុន្តែលោកនៅតែព្រមានដដែលថាជម្រើសយោធាមាននៅលើតុជាស្រេច ប្រសិនបើអ៉ីរ៉ង់មិនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ទេនោះ។
សេតវិមានបានបញ្ជាក់ច្បាស់ថាខ្លួនចង់កិច្ចចរចាគឺផ្ដោតសំខាន់លើការរារាំងកុំឱ្យទីក្រុងតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ បើទោះជាអ៉ីរ៉ង់តែងតែប្រកែកថាមិនមានមហិច្ឆតាចង់កាន់អាវុធនុយក្លេអ៊ែរ ក៏ដោយ៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print