លោកអូស្មាន ហាស្សាន់ ចែកសាច់គោមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រមុស្លិមមកពី៤ខេត្ដក្រុង៨០០គ្រួសារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ជាការស្វាគមក្នុងពិធីបុណ្យហាជ្ជី មុស្លិមទូទាំងសកលលោក ក៏ដូចជានៅកម្ពុជាផងដែរនោះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា តែងតែបានទទួលអំណោយមនុស្សធម៌ជាសាច់គោប្រគល់ទៅឲ្យគ្រប់បណ្ដាខេត្ត-ក្រុង ស្រុក ខណ្ឌ ដែលជាជំនួយមកពីប្រទេសម៉ាឡេស៊ី ទួរគី និងប្រទេសអ៊ិស្លាមផ្សេងៗទៀត។

ជាក់ស្តែងសម្រាប់ឆ្នាំ១៤៣៧ មូហាំម៉ាត់សាគរាជ ត្រូវនឹងឆ្នាំ២០១៦ នេះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សហការជាមួយនឹងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា បានទទួលអំណោយជាគោចំនួនប្រមាណជិត ២.០០០ក្បាល និងពពែប្រមាណ៥០០ក្បាល គិតជាទឹកប្រាក់ប្រមាណ ១លានដុល្លារ ដែលទទួលបានមកពីបណ្តាអង្គការម្ចាស់ជំនួយធំជាងគេគឺប្រទេសម៉ាឡេស៊ី ។ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាសហការជាមួយសមាគម សម្ព័ន្ឋយុវជនមុស្លិមកម្ពុជា បានទទួលគោ ២២០ក្បាលពីមូលនិធិ Turkey Diyanet  ប្រទេសទួរគី យកមកកាប់យកសាច់ ដើម្បីចែកចាយដល់បងប្អូន ប្រជាពលរដ្ឋក្រីក្រ ទៅតាមបណ្តាខេត្ត-ក្រុង ស្រុក ខណ្ឌ ចំនួនប្រមាណជិត ៨០០គ្រួសារ ។

ក្នុងពិធីផ្ដល់សាច់គោដែលធ្វើឡើងនៅភូមិត្រពាំងឈូក ឃំុបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦  ដែលមានការចូលរួមពីតំណាងមេភូមិនានា មកពីខេត្តក្រចេះ ត្បូងឃ្មំុ កំពង់ចាម រាជធានីភ្នំពេញ និងតំបន់ជុំវិញផងនោះ លោកអូស្មាន ហាស្សាន់  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ថា ការចែកសាច់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងពិធីបុណ្យហាជ្ជី ជាអំពើបុណ្យកុសលខ្ពង់ខ្ពស់ណាស់ក្នុងពិធីបុណ្យមួយនេះ ខណៈដែលមុស្លិម រាប់លាននាក់ដែលមានលទ្ឋភាពទៅប្រារព្វពិធីបុណ្យហាជ្ជី នៅក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ  អ្នកដែលមានលទ្ធិភាពបានទៅគ្រប់ៗគ្នា  រួមទាំងសាសនិកកម្ពុជាយើង ៨០០នាក់ផងដែរ ក៏ត្រូវបរិច្ចាកសត្វពពែ រាប់រយក្បាល សម្រាប់ផ្តល់ជូនជនក្រីក្រនៅក្នុងថ្ងៃបុណ្យ រ៉ាយ៉ាហាជី្ជ ដែលត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។

លោក អូស្មាន ហាស្សាន់ បានបន្ដថា ពិធីចែកសាច់គោ ជូនជនក្រីក្រនេះ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជានិងបន្តចែករហូតដល់ថ្ងៃទី ១៥-១៦ ខែកញ្ញា ឆ្នាំ២០១៦ ។

ជាមួយគ្នានេះដែរលោក អូស្មាន ហាស្សាន់ ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី តែងតែបង្កភាពងាយស្រួលដល់ប្រជាជាតិរបស់ខ្លួន និងការនាំអំណោយមនុស្សធម៌នានា ពីបណ្តាសប្បុរសជនក្រៅប្រទេសមិនតែប៉ុណ្ណោះក្នុងពិធីបុណ្យហាជ្ជី ឆ្នាំ២០១៦ នេះ ដោយកិច្ចអន្តរាគម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រួលដល់ការងារចេញទិដ្ឋាការរបស់សាសនិក ដែលអញ្ជើញទៅប្រារព្វពិធីបុណ្យហាជ្ជី ឆ្នាំនេះ បានគ្រប់ចំនួន ដោយពុំមានការ រាំងស្ទះក្នុងការទទួលទិដ្ឋាការអ្វីឡើយ។

លោកអូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណដល់បណ្តាសប្បុរសជនអន្តរជាតិ ក៏ដូចជាមូល និធិ Tukey Diyanet ដែលតែងតែសហការរាល់សកម្មភាពមនុស្សធម៌ នានាជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដើម្បីចូលរួមលើកស្ទួយ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ៕

image1 image2 image3 image4 image5 image6 image7 image8

ដោយ៖ សំរិត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print