ជាង១ខែក្រោយបទឈប់បាញ់ មានពលរដ្ឋភៀសសឹកកម្ពុជា៨៧.២០៤នាក់ទៀត នៅតែពុំទាន់អាចវិលទៅលំនៅឋានបាន ក្នុងនោះស្រី្តមាន ៤៥.៧៥៦នាក់ និងកុមារ២៨.២៥៦នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវ សកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែល បង្កឡើងដោយអំពើឈ្លានពាននោះ ក៏នៅតែជាបន្ទុកត្រូវដោះស្រាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃ សូមផ្តល់ជូនបច្ចុប្បន្នភាពនៃសភាពការណ៍ជារួម គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាមួយនឹងការគូសបញ្ជាក់ជាថ្មីទៀតនូវគោលជំហរសំខាន់ៗ ដូចខាងក្រោម៖

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹក២.៧៧៦នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៦% បានវិលត្រឡប់ទៅលំនៅឋានវិញ។ មានពលរដ្ឋភៀសសឹកចំនួន៨៧.២០៤នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាម ជំរំនានា ក្នុងនោះស្ត្រីមានចំនួន៤៥.៧៥៦នាក់ និងកុមារចំនួន២៨.២៥៦នាក់។

២-ការបន្តបិទផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន១៤ និងមន្ទីរពេទ្យ/ មណ្ឌលសុខភាព៧ បន្តបិទផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទ ផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន២៩ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ នៅបន្តបិទផ្អាក។ ក្នុងនាមជា សេនាធិការរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងរដ្ឋបាលដែនដី ក្រសួងមហាផ្ទៃ បានកំពុងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ សហការជាមួយក្រសួង-ស្ថាប័ននានា ដើម្បីជំរុញការស្តារជីវភាពប្រជាពលរដ្ឋ និងសេវាសាធារណៈដែលបានប៉ះពាល់ និងបិទផ្អាក ឱ្យវិលមករកភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ទៀត ជាពិសេសកិច្ចគាំពារ និងការគាំទ្រគ្រប់បែបយ៉ាង ដល់ប្រជាពលរដ្ឋភៀសសឹកដែលពុំទាន់អាចវិលចូលទៅរស់នៅក្នុងផ្ទះសំបែងវិញបាន។

៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិ ឯកជន សរុប រួមមាន ផ្ទះ៩៨០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ១០ ស្ថានីយប្រេង៤ ផ្សារឯកជន១ រថយន្ត៣៤គ្រឿង ម៉ូតូ១០គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ៣ អាងទឹកនិងប្រព័ន្ធ ទឹកស្អាត៦កន្លែង ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ សំណង់អគារ៤២ វត្តអារាម១៩ សាលាឆទាន១ រូបសំណាក២ រថយន្ត១ គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៨៧ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី១ទីតាំង និងបណ្តាញបញ្ជូនអគ្គិសនី៣កន្លែង ខណៈអាជ្ញាធរមូលដ្ឋានបន្តស្រង់ទិន្នន័យផលប៉ះពាល់បន្ថែម។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា គោរពនិងគាំទ្រពេញទំហឹង ការបញ្ជាក់ច្បាស់ៗរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។

ដូចគ្នានេះដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានមានប្រសាសន៍យ៉ាងច្បាស់ៗហើយថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងរឹងមាំបំផុត ដើម្បី ទាមទារមកវិញនូវបូរណភាពទឹកដី ស្របតាមច្បាប់ ដោយមិនបោះបង់ចោលតំបន់ណាមួយឡើយ។ រាល់ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលកន្លងមក មិនមែនជាថ្នូរនៃការដោះដូរទឹកដី ឬដើម្បីកាត់ដីឱ្យ ទៅប្រទេសថៃនោះទេ ពោលគឺការដោះស្រាយបញ្ហាព្រំដែន ត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ទាំង ការងារបច្ចេកទេសវាស់វែង និងការគ្រប់គ្រង។

ក្នុងន័យនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវជំហរតវ៉ាយ៉ាង ដាច់អហង្ការរបស់រាជរដ្ឋាភិបាល ចំពោះសកម្មភាពយោធាថៃ ដែលបានចូលត្រួតពិនិត្យទីតាំងសណ្ឋាគារចំនួន២ក្នុង ស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ ខែកុម្ភៈ ដាក់ពង្រាយទូរកុងតឺន័រក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៣ ខែកុម្ភៈ និងមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះទៀត បានដាក់ពង្រាយ ទូរកុងតឺន័រចំនួន៧ទូរ តាំងពីម៉ោង៥និង៤០នាទីព្រឹក ដោយបានបន្តពង្រាយបន្ថែមទៀតចេញមកខាងក្រៅបន្លាលួស ប្រហែល៤០ម៉ែត្រ បិទផ្លូវបេតុងឆ្ពោះទៅខេត្តកោះកុង ក្នុងតំបន់ច្រមុះជ្រូក ច្រកជ័យជម្នះ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រសួងមហាផ្ទៃ ដោយមានអគ្គនាយកដ្ឋានរដ្ឋបាល និងរដ្ឋបាលខេត្តជាប់ព្រំដែនជា សេនាធិការ បានកំពុងតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់នូវសកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ដែលផ្ទុយពី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

...

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវមិត្តអាស៊ាន មិត្តបរទេស និងអង្គការ សហប្រជាជាតិ បន្តចូលរួមគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមគោលការណ៍សន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរមានជាមួយគ្នាស្រាប់ ដោយប្រកាន់ខ្ជាប់ឥតងាករេនូវជំហរជា គោលការណ៍យ៉ាងម៉ឺងម៉ាត់ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងឡើយ ដើម្បីសន្តិភាព និង ស្ថិរភាពនៃប្រទេស និងប្រជាជនទាំងសងខាង ក៏ដូចជាសម្រាប់តំបន់ និងសកលលោក។ យើងក៏សូមអំពាវនាវជន រួមជាតិ បន្តស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ដោយឈរលើព្រលឹងជាតិខ្មែរតែមួយតរៀងទៅ ចៀសវាងចាញ់ឧបាយកល នយោបាយក្រុមប្រឆាំងជ្រុលនិយម ដែលបានកំពុងបង្កើតព័ត៌មានក្លែងក្លាយ បំបែកបំបាក់សាមគ្គីជាតិ ធ្វើឱ្យប៉ះពាល់ ឧត្តមប្រយោជន៍ជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន តាម គោលការណ៍សន្តិវិធី ឈរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាជាធរមាន ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print