ខេត្តបន្ទាយមានជ័យៈជនសង្ស័យចំនួន៩នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការស្តីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជារយ៉ាងម៉ឺងតម៉ាត់ របស់លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ រួមទាំងបានទទួលពាក្សបណ្ដឹងពីជនរងគ្រោះឈ្មោះ យ៉ាន សុផាន់នី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីករណីបាត់ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការស្រាវជ្រាវឃាត់តាមវិធានការជំនាញនឹងឈានដល់កការឃាត់ ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់រួមមាន៖ ១.ឈ្មោះ ទុយ ទិត្យ ហៅឡូយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ អ៊ី ថាត់ ហៅវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែររួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា៖ ក្រោយពីធ្វើការស្ដាប់ចម្លើយសារភាព កម្លាំងជំនាញក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ លក់ម៉ូតូ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចសង្កាត់ទឹកថ្លា និងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយឃាត់ខ្លួនបក្ខពួកជនសង្ស័យជាបន្ដបន្ទាប់បានចំនួន០២នាក់បន្ថែមទៀត ១.ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ ២១ឆ្នាំ(មុខសញ្ញាចាស់), ២.ឈ្មោះ យឿត សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ដែលជាបក្ខពួកយ៉ាងសកម្មយកម៉ូតូលក់បន្ដអោយក្រុមជនសង្ស័យមួយក្រុមទៀតនៅខេត្តប៉ៃលិន។ ជាមួយគ្នានោះកម្លាំងជំនាញបានបន្ដវិធានការស្រាវជ្រាវ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យបក្ខពួកចំនួន០២នាក់ទៀត ឈ្មោះ ទឹម តុលា ភេទប្រុស អាយុ ២៥ឆ្នាំ និងឈ្មោះ កែវ ថាវី ហៅគួក ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្លូវមាត់ស្ទឹង ស្ថិតនៅភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បន្ទាប់មកដោយមានការសហកាណ៍ពីជនសង្ស័យ ទើបកម្លាំងជំនាញសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្ដស្រាវជ្រាវរកបក្ខពួកដែលទទួលទិញ-លក់ម៉ូតូ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង និងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឃាត់ខ្លួនអ្នកដែលទទួលទិញម៉ូតូពីឈ្មោះ កែវ ថាវី ជាបន្ដបន្ទាប់ បានសរុបចំនួន ០៣នាក់ទៀត ១.ឈ្មោះ ចម ចិន ភេទប្រុស អាយុ ២៧ឆ្នាំ ,២.ឈ្មោះ ជុន ពិសី ភេទប្រុស អាយុ២៩ឆ្នាំ និង៣.ឈ្មោះ ហេង ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ រួមទាំងវត្ថុតាង ហើយនាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ១.ម៉ូតូមាំកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៦ ផ្លាកលេខ បន្ទាយមានជ័យ 1AE-1844 ចំនួន០១គ្រឿង(ប្រគល់ជូនជនរងគ្រោះវិញ)។ ដោយឡែកម៉ូតូ៤គ្រឿងទៀត និងផ្លាកលេខម៉ូតូ ភ្នំពេញ 1JN 6647 ចំនួន០១សន្លឹក ត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៕ វណ្ណា










