ភ្នំពេញ៖លោក ឃួង ស្រេង បានដាក់បទបញ្ជាឱ្យកម្លាំងមាន សមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ រួមសហការជាមួយសង្កាត់ទាំង១០៥ត្រូវបន្ដចុះបោសសម្អាតជាបន្ទាន់រឿង ONLINE SCAMS ដែលដឹងថា មាននៅមូលដ្ឋានខ្លួន ។
លោក ឃួង ស្រេង បានដាក់បទបញ្ជាបែបនេះ នៅក្នុងជាបន្ទាន់ជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤
ដើម្បីដកស្រង់បទពិសោធន៍តាមសារាចរលេខ០៣ និងដើម្បី
ផ្ដល់ព័ត៏មានពីគ្នាទៅវិញទៅមកលើការងារគ្រប់គ្រងសន្តិ សុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំនិង ការងារបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាOnline Scams នៅភូមិសាស្ត្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅជិត៤០០០អគារ ដូច្នេះសូមឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិ អ្នករស់នៅក្នុងខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ រួម ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងមូលដ្ឋាន។នេះជាយុទ្ធនាការបោសសម្អាតឱ្យអស់។
លោក ឃួង ស្រេង បានបន្តថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចទទួលយកសេដ្ឋកិច្ចពណ៌ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ ខាត។ ដូច្នេះយើងត្រូវរួមគ្នាដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា (ONLINE SCAMS) ឱ្យអស់ត្រឹមថ្ងៃ៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ មេបទល្មើស ONLINE SCAMS នេះ ពួកគេជាពួកIT ដែលទៀមទាឱ្យកម្លាំង និងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់បំផុត និងម៉ត់ចត់ ។ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់បករភេទ ដូចជាជល់មាន់ ប៊ៀ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ ។ ិបន្ថែមពីនេះការថែរក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់ ៕. ដោយ សំរិត










