ប្រធានវិទ្យាស្ថាន ERIA ៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានលើកឡើងថា កម្ពុជា មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន។

លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថាន ERIA បានថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។

លោកសាស្ត្រាចារ្យ បានគោរពរាយការណ៍ជូនសម្ដេចមហាបវរធិបតី អំពីលទ្ធផលនៃការ​ស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុង​ការទាក់​ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូល​ដ្ឋាន​ផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំណែកដល់​កំណើន​សេដ្ឋ​កិច្ច​របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សា​ហកម្ម​តំបន់ និងសកល​។​

បន្ថែមលើសនេះ លោកសាស្ត្រាចារ្យ ក៏បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតី អំពី​ចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ក៏ដូចជាការ​រៀប​​ចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការ​ទាក់​ទាញ​វិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។

លោកសាស្ត្រាចារ្យ បានជម្រាប​ជូន​សម្តេច​ធិបតី​ថា បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុន​កំពុង​ស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location)​នៅក្នុងតំបន់ ហើយ​បាន និងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងការស្វាគមន៍ និង​សេចក្ដីរីករាយដែលបានជួបលោកសាស្ត្រាចារ្យ និងគណៈប្រតិភូជាថ្មីម្ដងទៀត ព្រមទាំង​បាន​វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់វិទ្យាស្ថាន ERIA។

...

សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោត​ការយក​ចិត្ត​ទុក​ដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់​សេដ្ឋ​កិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់ និង ឧស្សាហកម្មជាក់លាក់ជាដើម។​ ក្នុង​ន័យ​នេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យលោកសាស្ត្រាចារ្យបន្តផ្សារ​ភ្ជាប់​ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់រាជ​រដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជន ទាំងនៅ​ជប៉ុន និង​កម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែលសម្រាប់​គម្រោង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print