ស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង ស្វាគមន៍គម្រោងនាំអ្នកវិនិយោគ និងអ្នកសារព័ត៌មានកូរ៉េទៅទស្សនកិច្ចកម្ពុជា

ចែករំលែក៖

កូរ៉េខាងត្បូង៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញ បានកើតឡើងកាលពីឆ្នាំកន្លងមក។

លោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ។

លោក PARK ក៏បានលើកឡើងអំពី គម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េប្រហែល២០នាក់ ទៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថាកម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េអាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជាដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ។

...

លោកឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក PARK ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលវាស្របទៅនឹងផែនការសកម្មភាពរបស់ស្ថានទូតដែលកន្លងមកស្ថានទូត តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយអំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ។​ ថ្លែងក្នុងជំនួប លោកឯកអគ្គរាជទូតបានបន្តថា ស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរៀបចំជំនួបរវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print