ភ្នំពេញ៖ វេទិកាសន្ទនារដ្ឋ-ឯកជនរវាងកម្ពុជា និងចិនជាលើកដំបូង» រៀបំឡើងដើម្បីបើកឱកាសឱ្យវិនិយោគិនចិនបានស្វែងយល់ផ្ទាល់ពីសក្ដានុពលវិនិយោគ និងលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជា។
វេទិកាសន្ទនានេះរៀបចំឡើងនាព្រឹកថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៦ នៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយ ភាគីកម្ពុជាដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីចិនដឹកនាំដោយ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនចិនប្រមាណ៨០។
លោក វ៉ាង វិនពីន បានបញ្ជាក់ថា ការវិនិយោគរបស់ចិនបានរួមចំណែកដល់កម្ពុជា ក្នុងការបង្កើតឱកាសការងារដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាបានជាង ១លាននាក់ ជាពិសេសជួយគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឆ្នាំ ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីវិនិយោគិនចិនប្រមាណ ៨០ ក្រុមហ៊ុន ដែលមកពីវិស័យចម្រុះដូចជា៖ វិស្វកម្ម និងសំណង់ វាយនភណ្ឌ និងកាត់ដេរ ភស្តុភារកម្ម និងដឹកជញ្ជូន កសិកម្ម និងថាមពល ពាណិជ្ជកម្ម អេឡិចត្រូនិក និងគ្រឿងបន្លាស់ជាដើម។ ការវិនិយោគពីចិននឹងជួយគាំទ្រដល់ស្ថិរភាព និងចីរភាពនៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា ក៏បានបង្ហាញការគាំទ្រ និងត្រៀមខ្លួនសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនទទួលបានជោគជ័យ ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចាត់ទុកវេទិកាសន្ទនាលើកទី១នេះ ជាការបើកឱកាសដល់វិនិយោគទុនចិនបានស្វែងយល់ពីសក្តានុពលសម្រាប់ការបណ្តាក់ទុន និងរួមគ្នាដោះស្រាយការលំបាកផ្សេងៗ។
លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ»។
លោកចាត់ទុកមិត្តចិនជា «មិត្តដែកថែបគ្រប់រដូវកាល» ដែលអាចនិយាយត្រង់ទៅត្រង់មកជាមួយគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហារួម។
លោកបញ្ជាក់ថា៖ «…ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណដល់មិត្តចិន រដ្ឋាភិបាលចិន ដែលបានសម្រេចចិត្តដាក់ទុននៅកម្ពុជា ហើយដូចខ្ញុំបានលើកឡើង ចាប់ពីឆ្នាំ២០២៥នេះគឺ មិត្តចិន ឬក៏ក្រុមហ៊ុនចិន បានដាក់ទុន បង្កើនជាង ៥០ភាគរយ (៥០%) នៅកម្ពុជា ក្នុងឆ្នាំ២០២៥។ ហើយយើងនៅតែទទួលស្វាគមន៍ អ្នកវិនិយោគទុនពីចិន ច្រើនថែមទៀត ដើម្បីចូលរួមកសាង វិស័យសង្គម និងសេដ្ឋកិច្ចនៅកម្ពុជាយើង បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាឱកាសដល់អ្នកវិនិយោគទុនចិន លោកអាចរកទទួលទាន រកប្រាក់ចំណេញ អ៊ីចឹងប្រទេសទាំងពីរនឹងមានការរីកចម្រើន។…»។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា នៅសប្តាហ៍ទី៣ នៃខែកុម្ភៈនេះ ឯកឧត្តមផ្ទាល់នឹងដឹកនាំប្រតិភូទៅកាន់ប្រទេសចិន ដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគនៅកម្ពុជា និងទាក់ទាញអ្នកវិនិយោគឱ្យមកកាន់តែច្រើន៕
ប្រភព ៖ (CCFR)










