ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា អតីតពលករមកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារសរុបជិត ៤ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពី វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឡើងនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង កាលពីថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា វេទិកាការងារនេះបានរៀបចំឡើងនៅទីតាំង ៤កន្លែង រួមមានស្រុកសាលាក្រៅ និងក្រុងទេពនិមិត្ត ខេត្តប៉ៃលិន និង ស្រុកសំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារ ដែលមាននៅក្នុងស្រុកយ៉ាងសម្បូរបែបជូនដល់អតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
លោកអ្នកនាំពាក្យ បានបញ្ជាក់ទៀតថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ យុវជន និងប្រជាពលរដ្ឋសរុបចំនួន ៣,៧១៣នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។
បើតាមការបញ្ជាក់បន្ថែមរបស់ លោក ស៊ុន មេសា បានសង្កត់ធ្ងន់ថា ក្នុងឱកាសនោះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៣៩៦នាក់ (តួលេខបឋម) ដែលទទួលបានការងារពីក្រុមហ៊ុន រោងចក្រសហគ្រាសធំៗចំនួន ៧ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋានផ្ទាល់។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានអំពាវនាវដល់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរដែលខកខានមិនបានចូលរួមក្នុងវេទិកានេះ សូមទាក់ទងមកលេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទ ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។
គួររម្លឹកថា មកទល់ពេលនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារសរុបចំនួន ៥៨៧លើក ខណៈពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់ទទួលបានការងារធ្វើ៕


ដោយ៖តារា










