សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A​ នាព្រឹកថ្ងៃទី១០​ កុម្ភៈ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

នេះជាឆ្នាំទី៣ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋ​មន្ត្រី បានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការផ្តល់កម្លាំង​ចិត្តមួយដល់សិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយប្រឡងបាននិទ្ទេស A។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិសម័យប្រឡងថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ត្រូវជា ៥៥,៥០ភាគរយ, បេក្ខជន​បាន​មកប្រឡងចំនួន ១៤៤,៨៣៨នាក់ (ស្រី ៨០,៦៩៦នាក់) ត្រូវជា ៥៥,៧១ភាពរយ។ បេក្ខជនបានប្រឡងជាប់សរុប ១២២,៤៧៣នាក់ (ស្រី ៧០,៩៩១នាក់) ស្មើនឹង ៨៤,៥៦ភាគរយ នៃចំនួនបេក្ខជនបានមក ប្រឡងសរុប។
ក្នុងចំណោមបេក្ខជនបានប្រឡងជាប់នេះ បេក្ខជន​ទទួលបាន៖ និទ្ទេស A ចំនួន ៣,០០៣នាក់ (ស្រី ១,៦៩៤នាក់), និទ្ទេស B ចំនួន ៩,៩០១នាក់ (ស្រី ៦.១៩៨នាក់), និទ្ទេស C ចំនួន ២៨,៨០១នាក់ (ស្រី ១៨,៥៧៨នាក់), និទ្ទេស D ចំនួន ៤៥,៨៥៩នាក់ (ស្រី ២៧,១៨៩នាក់), និទ្ទេស E ចំនួន ៣៤,៩០៩នាក់ (ស្រី ១៧,៣៣២នាក់)។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំការប្រឡងសញ្ញាបត្រ​បច្ចេក​ទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ។ ការប្រឡងនេះ សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៩១៥​នាក់ ស្រី ៣០៧នាក់, បេក្ខជន​មកប្រឡងសរុប ៩១៥នាក់ ស្រី ៣០៧នាក់។ បេក្ខជន​បានប្រឡងជាប់ជាស្ថាពរសរុប ៩១៣នាក់ ស្រី ៣០៧នាក់ ស្មើនឹង ៩៩,៧៨ភាគរយ នៃ ចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ១៧នាក់ (ស្រី ៦នាក់)។

ជារួមសិស្សទទួលបាននិទ្ទេស A សរុប ៣.០២០នាក់ មកពីសាលារៀនចំនួន ៥៦៨ កន្លែង។ ក្នុងនោះ សាលារដ្ឋចំនួន​ ៤០២ មានសិស្សនិទ្ទេស A ចំនួន ២.១១៧នាក់ និង​សាលាឯកជនចំនួន ១៦៦ មានសិស្សនិទ្ទេស A ចំនួន ៩០៣នាក់។ រាជធានី ខេត្តទាំង ២៥ សុទ្ធតែមានសិស្សទទួលបាននិទ្ទេស A។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមធ្វើកំណែទម្រង់លើការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោមពាក្យស្លោក «អ្នកចេះ គឺ​ជាប់» នៅឆ្នាំ២០១៤ ដែលជាការប្រឡងដ៏តឹងរឹង មិនអនុញ្ញាតឱ្យមានការលួចយក​សំណៅឯកសារផ្សេងៗចូលបន្ទប់ប្រឡង ឬលួចចម្លងគ្នានោះឡើយ។
ក្រោមការធ្វើកំណែទម្រង់ដែលមានការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណជននេះ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ភាគរយ និងលើកទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ភាគរយ តែប៉ុណ្ណោះ និងមានបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១១នាក់។
ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្ត​បន្ទាប់ រហូតដល់ឆ្នាំ២០២៥ នេះបេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦ភាគរយ និងមាន​បេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់។

...

ជាមួយគ្នានេះ លទ្ធផលនៃការ​ប្រឡងជាប់របស់សិស្សថ្នាក់វិទ្យាសាស្រ្ត និងសិស្សថ្នាក់ វិទ្យាសាស្រ្តសង្គមក៏មាន​កែប្រែ​ប្រួល​ផងដែរ។ ជាក់ស្តែងនៅឆ្នាំ២០២៥ បេក្ខជនថ្នាក់វិទ្យា​សាស្ត្រប្រឡងជាប់ចំនួន ៣០,៧៨៤នាក់ ស្មើនឹង ៧៥,៩០ភាគរយ នៃចំនួនសិស្ស​ម​ក​ប្រឡង និងទទួលបាននិទ្ទេស A ចំនួន ២,៧៦៤នាក់ (ស្រី ១,៥៤២នាក់), និទ្ទេស B ចំនួន ៥,៦៥២នាក់ (ស្រី ៣,២៩៩នាក់), និទ្ទេស C ចំនួន ៧,៣៤៨នាក់ (ស្រី ៤,៤៧៤នាក់)។
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមប្រឡងជាប់ចំនួន ៩១,៦៨៩នាក់ ត្រូវជា ៨៧,៩២ភាគ​រយ នៃចំនួនសិស្សមកប្រឡង និងទទួលបាននិទ្ទេស A ចំនួន ២៣៩នាក់ (ស្រី ១៥២​នាក់), និទ្ទេស B ចំនួន ៤,២៤៩នាក់ (ស្រី ២,៨៩៩នាក់), និទ្ទេស C ចំនួន ២១,៤៥៣នាក់ (ស្រី ១៤,១០៣នាក់)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print