ជប៉ុនកំពុងប្រឈមនឹងក្តៅខ្លាំងបំផុត និងអូសបន្លាយរយៈពេលយូរមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រ ។ តាមតួលេខនៅតាមកន្លែងត្រួតពិនិត្យទាំង២២៣កន្លែង ទូទាំងប្រទេសជប៉ុន បង្ហាញឲ្យឃើញថា កម្តៅក្តៅខ្លាំងដល់ទៅ៣៥អង្សាសេ ហើយបន្តក្តៅជាងនេះទៀត នាពេលខាងមុខ ។
តាមក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា មក កម្តៅក្តៅខ្លាំងធ្វើឲ្យពលរដ្ឋដល់ទៅ១១.៦៧២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាល ក្នុងនោះមាន២៥នាក់ស្លាប់ ។ ចំនួនអ្នកស្លាប់ និងចូលពេទ្យលើសពីឆ្នាំមុនដល់ទៅ២ដង ។
កាលពីថ្ងៃអាទិត្យកន្លងមកមនុស្សចាស់ជាច្រើនបានស្លាប់ដោយសារតែក្តៅខ្លាំង ពេលនៅក្នុងផ្ទះគ្មានម៉ាស៊ីនត្រជាក់ផងនោះ។ ដូច្នេះមន្ត្រីជួយសង្គ្រោះបានស្នើរដល់ពលរដ្ឋប្រើប្រាស់ម៉ាស៊ីនត្រជាក់ឬឧប្បករណ៍ធ្វើឲ្យត្រជាក់នៅក្នុងផ្ទះដែលមានមនុស្សចាស់រស់នៅ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Sanae Takaichi បានប្រកាសក្រៅកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែសីហា ថា «ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងពន្លត់អគ្គិភ័យ បានបោះពុម្ពខិត្តបណ្ណជាង៨សែនសន្លឹក ស្តីពីវិធីសាស្ត្រទប់ទល់ក្តៅខ្លាំង» ។
តាមការគត់សម្គាល់របស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចំនួនអ្នកជំងឺដោយសារតែក្តៅខ្លាំងខ្ពស់បំផុតនៅទីក្រុងតូក្យូ បន្ទាប់មកគឺជាទីក្រុង Aichi និង Saitama ។ ក្នុងចំណោមជនរងគ្រោះ មានមនុស្សវ័យ៦៥ឆ្នាំ កើនឡើងរហូតដល់ទៅ៤៨,៧ភាគរយ ។
កម្តៅក្តៅខ្លាំងកើនឡើងខ្ពស់នៅតំបន់អាស៊ី ពិសេសកើតឡើងនៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថានបានសម្លាប់មនុស្សរាប់ពាន់នាក់ ។ ក្រៅពីនេះ នៅក្នុងប្រទេសចិន ក៏មានសីតុណ្ហភាពកើនឡើងខ្ពស់ខុសប្រក្រតីបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនផងដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី