កីឡាករខ្សែបម្រើក្លឹប Everton លោក Jack Grealish បានបញ្ជាក់ថា រដូវកាលរបស់ខ្លួនបានបញ្ចប់ជាផ្លូវការ បន្ទាប់ពីបានធ្វើវះកាត់ព្យាបាលរបួសបាក់ឆ្អឹងតូចនៅជើង ដែលជាការប៉ះទង្គិចធ្ងន់ធ្ងរដល់ក្តីសង្ឃឹមក្នុងការចូលរួមក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ World Cup ខាងមុខ។
កីឡាករវ័យ 30 ឆ្នាំ ដែលកំពុងលេងជាលក្ខណខ្ចីជើងពី Manchester City បានរងរបួសនេះអំឡុងពេល Everton ឈ្នះ Aston Villa 1-0 ក្នុងការប្រកួត Premier League កាលពីខែមុន។
រដូវកាលនេះ Grealish បង្ហាញខ្លួនបាន 22 ប្រកួតគ្រប់កម្មវិធី ស៊ុតបញ្ចូលទី 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 6 ដង ដែលទម្រង់លេងនេះបានបង្កើតការរំពឹងថា គាត់អាចត្រូវបានហៅត្រឡប់ចូលក្រុមជម្រើសជាតិម្តងទៀត។
Grealish បានសរសេរនៅលើបណ្តាញសង្គមថា៖ «ខ្ញុំមិនចង់ឲ្យរដូវកាលបញ្ចប់បែបនេះទេ ប៉ុន្តែនេះហើយជាបាល់ទាត់ ខ្ញុំមានអារម្មណ៍ខកចិត្តខ្លាំង។ ការវះកាត់បានបញ្ចប់ ហើយឥឡូវផ្តោតលើការស្តារកាយសម្បទាឲ្យបានល្អវិញ។ ខ្ញុំប្រាកដថានឹងត្រឡប់មកវិញ ដោយមានភាពរឹងមាំ និងល្អជាងមុន»។
Grealish ធ្លាប់ឈ្នះពាន Premier League ចំនួន 3 លើក ពាន Champions League និង FA Cup ជាមួយ Manchester City ហើយការបង្ហាញខ្លួនចុងក្រោយសម្រាប់ក្រុមអង់គ្លេសគឺនៅខែតុលា ឆ្នាំ 2024 ក្រោមការដឹកនាំគ្រូបណ្តោះអាសន្ន Lee Carsley។
ព្រឹត្តិការណ៍ World Cup នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា នៅប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក៕










