លោក​ ប៉ែន​ បូណា​៖​ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​នៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានមានប្រសាសន៍ថា​៖​ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល គឺការការពារបូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋតាមរយៈជម្រើសសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ៖

ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការការពារទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ហើយរាល់ការសម្រេចចិត្តទាំងអស់របស់រាជរដ្ឋាភិបាល គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងរយៈពេលយូរសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលី និងយុទ្ធជនរងរបួស ក៏ដូចជាពលរដ្ឋភៀសសឹក។ ក្នុងន័យនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីបានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយដើម្បីចុះវាយតម្លៃអំពីការខូចខាតនិងផលប៉ះពាល់នានាឱ្យបានជាក់លាក់ដើម្បីរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព។

ទន្ទឹមគ្នានោះ ការដោះស្រាយជូនពលរដ្ឋភៀសសឹកត្រូវបានធ្វើឡើងយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ។ ជាក់ស្តែង ពលរដ្ឋភៀសសឹកដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ សេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត វិស័យឯកជន និងប្រជាពលរដ្ឋពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តួមពីសំណាក់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។

ចំណែកប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់បីគឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជាសេវាទូរគមនាគមន៍ ទឹកនិងភ្លើងអគ្គិសនីជាដើម។

ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្មលើនយោបាយការទូតដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាក៏បានតវ៉ាជាបន្តបន្ទាប់ប្រឆាំងរាល់សកម្មភាពរំលោភបំពាននានានៅក្នុងតំបន់ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ដោយប្រើកម្លាំងយោធា។ ជាក់ស្តែង ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត ៧០០ លើក និងការឆ្លើយតបក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព (Press Briefing) របស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួនជិត ២០០ លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសង្កេតការណ៍អាស៊ាន(AOT) និងសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទៅមើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាបន្តបន្ទាប់។

សកម្មភាពទាំងនេះ គឺជាសក្ខីភាពច្បាស់លាស់ដែលបញ្ជាក់ថា មិនត្រឹមតែជាការប្តេជ្ញាចិត្ត តែរាជរដ្ឋាភិបាលបានធ្វើសកម្មភាពជាក់ស្តែង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតនិងគ្រប់ជ្រុងជ្រោយក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ហើយសកម្មភាពនេះត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ សូមបងប្អូនជនរួមជាតិចងចាំប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ទោះបីជាយើងឈឺចាប់ យើងរងរបួសផ្លូវកាយ ឬផ្លូវចិត្ត តែយើងមិនដួលនោះទេ ផ្ទុយទៅវិញ យើងត្រូវពង្រឹងខ្លួនយើងឱ្យរឹងមាំឡើយ។

...

ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ឥតប្រែប្រួល គឺជំហរការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print