ការបាញ់ប្រហារនៅសាលារៀនមួយក្នុងទីក្រុងដាច់ស្រយាលមួយក្នុងខេត្ត British Columbia បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់ រួមទាំងជនសង្ស័យផងដែរ។
សារព័ត៌មានកាណាដា CBC News បានរាយការណ៍ថាមនុស្ស១០នាក់ ក្នុងនោះរួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់បានស្លាប់ ក្រោយមានហេតុការណ៍បាញ់ប្រហារមួយក្នុងទីក្រុង Tumbler Ridge នៃខេត្ត British Columbia កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ។
CBC News បានឱ្យដឹងថាមនុស្ស ៦នាក់បានស្លាប់នៅក្នុងវិទ្យាល័យមួយ ២នាក់ទៀតត្រូវបានប្រទះឃើញស្លាប់នៅឯផ្ទះមួយដែលប៉ូលិសជឿថាមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារខាងលើ។ ចំណែកមនុស្សម្នាក់ផ្សេងទៀតបានស្លាប់នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជនសង្ស័យម្នាក់ជាខ្មាន់កាំភ្លើងក៏ត្រូវបានបញ្ជាក់ថាបានស្លាប់ផងដែរ។
ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការហេតុការណ៍បាញ់ប្រហារខាងលើនោះទេ។ តាម CBC News មនុស្ស២៥នាក់ផ្សេងទៀតដែលរងរបួសកំពុងស្ថិតក្រោមការព្យាបាល នៅឯមន្ទីរពេទ្យក្នុងតំបន់៕
រូបថត: CBC










