ចូលហ៊ុនគ្នាជក់ និងលក់ថ្នាំញៀននៅផ្ទះ ត្រូវពលរដ្ឋល្អរាយការណ៍ឲ្យប៉ូលិសចុះចាប់ ឃាត់ខ្លួនបាន ៣នាក់ និងដកហូតវត្ថុតាង ៣កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មចំនួន ៣នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ចុះបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋល្អ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១១ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង៥០ នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ន សុភ័ក្ត្រ ស្ថិតក្នុងភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែលឃាត់ខ្លួនបានរួមមាន ទី១-ឈ្មោះ ណៃ រុំ ហៅ ខ្មៅភេទ ប្រុស អាយុ៣៥ឆ្នាំមុខរបរជាងជួសជុលរថយន្ត,ទី២ -ឈ្មោះ ម៉ន សុភ័ក្ត្រ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ម្ចាស់ផ្ទះ),ទី៣-ឈ្មោះ ស៊ិន សម្បត្តិ ហៅ ភ័ក្ត្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ។ ពួកគេទាំង ៣នាក់ មានសារធាតុញៀនក្នុង ទឹកនោម។ ដោយឡែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ឃុត ដាវីន ហៅ វីត ភេទប្រុស អាយុ ២៦ឆ្នាំ។

លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់តូច (ទម្ងន់ ១,០២ក្រាម), ជញ្ជីងថ្លឹងគ្រឿងញៀន ១ គ្រឿង, ម៉ូតូ ១គ្រឿង ម៉ាក Honda Cub ជ្រុង (ស្លាកលេខ ភ្នំពេញ 1R-4919), ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍វេចខ្ចប់សម្រាប់ជក់មួយចំនួនទៀត។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ម៉ន សុភ័ក្ត្រ។ ភ្លាមនោះ កម្លាំងជំនាញបានចុះទៅដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ ៤នាក់ កំពុងអង្គុយលើគ្រែមុខផ្ទះ។ ពេលឃើញសមត្ថកិច្ច ពួកគេបានព្យាយាមរត់គេចខ្លួន តែសមត្ថកិច្ចដេញចាប់បាន ៣នាក់ និងដកហូតបានថ្នាំញៀន ២កញ្ចប់ពីឈ្មោះ ម៉ន សុភ័ក្ត្រ និង១កញ្ចប់ពីឈ្មោះ ណៃ រុំ។ ចំណែកឈ្មោះ ឃុត ដាវីន (ហៅ វីត) បានរត់គេចខ្លួនបាត់ដោយបោះចោលកាបូបដែលមានជញ្ជីងថ្លឹងថ្នាំញៀន។

ប្រភពដដែលបានបន្តថា នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ម៉ន សុភ័ក្ត្រ បានសារភាពថា ថ្នាំញៀន ២កញ្ចប់ជារបស់ខ្លួនដែលទិញពីឈ្មោះ វង្ស រតន (ហៅ ង៉ាក) តម្លៃ ៨ម៉ឺនរៀល ដើម្បីលក់បន្ត។ ឈ្មោះ ណៃ រុំ សារភាពថា ថ្នាំញៀន ១កញ្ចប់ជារបស់ខ្លួនទិញពីបុរសមិនស្គាល់ឈ្មោះតម្លៃ ៣ម៉ឺន ៥ពាន់រៀល ដើម្បីជក់។ រីឯឈ្មោះ ស៊ិន សម្បត្តិ សារភាពថាខ្លួនពិតជាបានចូលរួមជក់ថ្នាំញៀនមែន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈមេក្លោងចែកចាយឈ្មោះ វង្ស រតន (ហៅ ង៉ាក) និងឈ្មោះ ឃុត ដាវីន (ហៅ វីត) កំពុងត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print