ភ្នំពេញ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នលើបញ្ហាអគ្គិភ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នេះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ក្នុងរដូវកាលបុណ្យសែនចិន នាពេលខាងមុខនេះ ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរកាត់សែស្រឡាយចិន តែងតែបានត្រៀមលក្ខណៈ និងរៀបចំសំណែននានាសម្រាប់ការសែនជូនជីដូនជីតា ទទួលទេវតាឆ្នាំថ្មី នៅតាមលំនៅឋានរៀងៗ ខ្លួន ក៏ប៉ុន្តែ បញ្ហាភ្លើងទៀន ធូប និងចរន្តអគ្គិសនីតាមខ្នងផ្ទះនីមួយៗ នៅតែជាកត្តាចម្បងបំផុតដែលម្ចាស់លំនៅឋានត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ព្រោះវាជាផ្នែក នៃការបង្កឲ្យមានគ្រោះអគ្គិភ័យអាចកើតឡើងបានគ្រប់ពេល។
លោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យរូបនេះ ក៏បានបញ្ជាក់ថា ស្របពេលបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម កាន់តែកៀកចូលមកដល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមកនេះ មានករណីអគ្គិភ័យធំៗ ចំនួន ០២ ករណី បានកើតមានឡើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យមានមនុស្សរងរបួសជាបន្តបន្ទាប់ និងឆេះបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិជាច្រើន ផងដែរ។
គួរជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល ០៤ ថ្ងៃ គិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាពលរដ្ឋកម្ពុជាមានឈាមជ័រជាប់សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឲ្យរកស៊ីទទួលទានកាន់តែរីកចម្រើនតាមបែបលក្ខណៈគ្រួសាររៀងៗ ខ្លួន៕
ដោយ៖តារា










