ភ្នំពេញៈ នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយ ក្រុមសិល្បៈករ ល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
ស្ថិតក្នុងបរិយាកាសរីករាយស្និទ្ធស្នាល សម្តេចភក្តី បានរំលឹកឡើងវិញ អំពីភាពរីកចម្រើន របស់វិស័យសិល្បៈវប្បធម៌ជាតិយើង កាលពីជំនាន់ដើម ក៏ប៉ុន្តែបានធ្លាក់ចុះអន់ថយ ដោយសារស្រុកមានសង្គ្រាម និងកាន់តែស្រុតចុះស្ទើរវិនាស នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចបានថ្លែងកោតសរសើរ យ៉ាងខ្លាំងចំពោះ លោកគ្រូ អ្នកគ្រូ និងសិល្បៈករ សិល្បៈការីនី យើងទាំងអស់ ដែលបានរួមគ្នារក្សាការពារ អភិរក្ស និងអភិវឌ្ឍ វិស័យសិល្បៈវប្បធម៌ជាតិយើង ជាពិសេស វិស័យសិល្បៈល្ខោនបាសាក់នេះ អោយមានការវិវត្តន៍ រីកចម្រើន រុងរឿងឡើងវិញ យ៉ាងឆាប់រហ័ស នាបច្ចុប្បន្ននេះ។
សម្តេច បានសំណូមពរ សុំអោយបន្តខិតខំ រក្សាកេរ្ត៍ដំណែល ទាំងទំរង់នៃការសម្តែង ទាំងបទភ្លេង និងចម្រៀង អោយរក្សាបានតាមលំនាំដើម ដើម្បីទុកជាមរតកដល់អ្នជំនាន់ក្រោយ៕
ដោយ សីលា