សេដ្ឋកិច្ច ម៉ាឡេស៊ី បានកើនឡើង 5.2% ក្នុងឆ្នាំ 2025 ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេល 3 ឆ្នាំ ដោយសារកំណើនតម្រូវការក្នុងស្រុក ការនាំចេញ និងវិនិយោគរឹងមាំ ខណៈសន្ទុះកំណើននេះត្រូវរំពឹងថានឹងបន្តក្នុងឆ្នាំនេះផងដែរ។
ទិន្នន័យពីរដ្ឋាភិបាល និងធនាគារកណ្ដាលបង្ហាញថា កំណើនសេដ្ឋកិច្ចពេញឆ្នាំ 2025 ឈានដល់ 5.2% លើសពី 5.1% ក្នុងឆ្នាំមុន និងលើសការព្យាករណ៍ផ្លូវការដែលស្ថិតនៅចន្លោះ 4% ដល់ 4.8% ដោយក្លាយជាកំណើនខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2022 ដែលធ្លាប់ឈានដល់ 9%។
ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ 2025 កើនឡើង 6.3% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេល 12 ត្រីមាស និងលើសការរំពឹងទុក។ កំណើនត្រីមាសទី៣ ក៏ត្រូវបានកែប្រែឡើងដល់ 5.4% ពី 5.2% ផងដែរ។
ធនាគារកណ្ដាល Bank Negara Malaysia បានឲ្យដឹងថា ការចំណាយគ្រួសារនឹងទទួលបានអត្ថប្រយោជន៍ពីការងារ កំណើនប្រាក់ឈ្នួល និងគោលនយោបាយរដ្ឋាភិបាល ខណៈសកម្មភាពវិនិយោគ និងការនាំចេញនឹងនៅតែរឹងមាំ។ អភិបាលធនាគារកណ្ដាល Abdul Rasheed Ghaffour បានបញ្ជាក់ថា សន្ទុះកំណើននេះត្រូវរំពឹងបន្តនៅឆ្នាំ 2026 ដោយគាំទ្រពីតម្រូវការក្នុងស្រុក និងការនាំចេញមានភាពធន់។
រដ្ឋាភិបាល និងធនាគារកណ្ដាលព្យាករណ៍ថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះ 4% ដល់ 4.5% ក្នុងឆ្នាំនេះ ខណៈមានភាពមិនច្បាស់លាស់ពីផលប៉ះពាល់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយប្រធានាធិបតី Donald Trump។ ម៉ាឡេស៊ីកំពុងប្រឈមពន្ធប្រហែល 19% លើទំនិញនាំចេញទៅទីផ្សារអាមេរិក។
ធនាគារកណ្ដាលបានរក្សាអត្រាការប្រាក់គោលនៅ 2.75% ក្នុងការពិនិត្យគោលនយោបាយដំបូងឆ្នាំ 2026 ដោយយោងលើកំណើនសេដ្ឋកិច្ចមានស្ថេរភាព អត្រាអតិផរណាទាប និងទស្សនវិស័យវិជ្ជមានសម្រាប់ឆ្នាំនេះ។
តាមការស្ទង់មតិរបស់ Reuters សេដ្ឋកិច្ចម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល 4.5% ក្នុងឆ្នាំនេះ ស្ថិតនៅកម្រិតខ្ពស់នៃជួរព្យាករណ៍រដ្ឋាភិបាល ខណៈអត្រាការប្រាក់គោលក៏ត្រូវរំពឹងថានឹងត្រូវរក្សាដដែលក្នុងឆ្នាំ 2026 ផងដែរ។
ធនាគារកណ្ដាលបានបន្ថែមថា អត្រាអតិផរណាសរុប និងស្នូលមធ្យមក្នុងឆ្នាំ 2025 ស្ថិតនៅ 1.4% និង 2% តាមលំដាប់ ហើយត្រូវរំពឹងថានឹងនៅតែស្ថិតក្នុងកម្រិតមធ្យម។ មូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុករឹងមាំ និងលំហូរទុនចូលត្រូវរំពឹងថានឹងបន្តគាំទ្ររូបិយប័ណ្ណជាតិឲ្យមានស្ថេរភាព៕










