គ្រូបង្វឹក Real Madrid លោក Alvaro Arbeloa បានអំពាវនាវឱ្យកីឡាកររបស់ខ្លួនបង្ហាញការផ្តោតអារម្មណ៍ ភាពត្រឹមត្រូវ និងការប្រកួតពេញលេញ 90 នាទី ខណៈពេលក្រុមត្រៀមប្រកួតសងសឹកជាមួយ Benfica ក្នុងជើងទីមួយនៃវគ្គ play-off ក្របខណ្ឌ UEFA Champions League នៅថ្ងៃអង្គារ។
បន្ទាប់ពីឈ្នះ 4-1 លើ Real Sociedad ក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga ក្លឹប Real Madrid ធ្វើដំណើរទៅកាន់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ជាមួយនឹងជ័យជម្នះ 3 ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់ Arbeloa។
ទោះជាយ៉ាងណា គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ទើបកាន់តំណែងបានតែពីរសប្ដាហ៍ប៉ុណ្ណោះ នៅពេលក្រុមត្រូវបាន Benfica យកឈ្នះយ៉ាងភ្ញាក់ផ្អើល 4-2 ក្នុងវគ្គលីគកាលពីខែមុន។
ការឈ្នះនោះមានតម្លៃខ្លាំង ខណៈអ្នកចាំទី Anatoliy Trubin បានឡើងទៅជួយស៊ុតបញ្ចូលទីនៅនាទី 98 បញ្ជូនក្រុមដែលដឹកនាំដោយ Jose Mourinho ឱ្យឆ្លងទៅវគ្គ play-off តាមគ្រាប់បាល់សរុប និងរារាំង Real មិនឲ្យឡើងទៅវគ្គ 16 ក្រុមដោយស្វ័យប្រវត្តិ។
Arbeloa បានទទួលស្គាល់ថា ការប្រកួតខាងមុខមិនងាយស្រួលឡើយ ដោយបញ្ជាក់ថា ដើម្បីឈ្នះ ក្រុមត្រូវការលេងឲ្យល្អទាំងការពារ និងប្រយុទ្ធ រក្សាការផ្តោតអារម្មណ៍លើស្ថានការណ៍បាល់ឈប់ និងបង្ហាញការប្រកួតពេញលេញក្នុងរយៈពេល 90 នាទី។
គ្រូបង្វឹកអតីតខ្សែការពារ Real រូបនេះក៏បានសរសើរទៅកាន់កីឡាកររបស់ខ្លួនចំពោះការកែលម្អទម្រង់លេងយ៉ាងឆាប់រហ័ស ចាប់តាំងពីគាត់ជំនួស Xabi Alonso ដោយនិយាយថា លទ្ធផលល្អកើតឡើងពីការខិតខំប្រឹងប្រែង និងការរៀបចំខ្លួនដូចជាការប្រកួតចុងក្រោយគ្រប់លើក។
គាត់ក៏រំពឹងថា Benfica ក្រោមការដឹកនាំរបស់លោក Mourinho នឹងបង្ហាញស្មារតីប្រកួតដូចមុន មានភាពរឹងមាំ និងការប្រកួតប្រជែងខ្ពស់ ហើយ Real Madrid ត្រូវតែត្រៀមខ្លួនឲ្យបានល្អ ដោយគោលដៅតែមួយគត់គឺការឈ្នះ៕










