នគរបាលប៉ុស្តិ៍ក្រាំងម្កាក់ចុះឡោមព័ទ្ធដីឡូតិ៍បង្ក្រាបសង្វៀនបញ្ជល់មាន់ ឃាត់ខ្លួនបាន ២នាក់ និងដកហូតម៉ូតូ ៤គ្រឿង

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ដោយឃាត់ ខ្លួនមនុស្ស ២នាក់ និងដកហូតវត្ថុតាងមាន់ និងម៉ូតូ ៤គ្រឿងបញ្ជូនទៅអធិការដ្ឋាន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង៥៣នាទី នៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកណ្ដាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ដែលត្រូវបានឃាត់ខ្លួនមិនមានសារធាតុញៀនក្នុងទឹកនោមនោះទេ រួមមានទី១ឈ្មោះ តេង ឡាវ ភេទប្រុស អាយុ៣៥ឆ្នាំជាកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល និងទី២ឈ្មោះ ឆុម ញឹម ភេទប្រុស អាយុ៣៥ឆ្នាំជាកម្មកររោងចក្រ ស្នាក់ននៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ លោកអធិការបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមានសត្វមាន់ឈ្មោល ១ក្បាល និងម៉ូតូ ៤គ្រឿងរួមមានម៉ាកហុងដាវ៉ារីអូពណ៌សពាក់ស្លាកលេខកម្ពុជា LANG១៧ ម៉ាកស៊ុយហ្ស៊ុយគីឡេតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1HX៤៥២៣ ម៉ាកស៊ុយហ្ស៊ុយគីណិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខត្បូងឃ្មុំ 1H២២២៥ និងម៉ាកស៊ុយហ្ស៊ុយគីស្មាស់វីពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1BT០៦២៥។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលក្រាំងម្កាក់ និងកម្លាំងប្រជាការពារភូមិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅទីតាំងដីឡូតិ៍ខាងលើមានការលេងល្បែងស៊ីសងខុសច្បាប់ដោយលួចលាក់បញ្ជល់សត្វមាន់។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងអន្តរាគមន៍ ចុះទៅដល់ទីតាំងកើតហេតុ រួចធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានទៅឈរមើលគេ លេងបញ្ជល់សត្វមាន់ពិតប្រាកដមែន។ បច្ចុប្បន្ន ជន សង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញកំពុង ធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print