សិង្ហបុរីកំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តឱ្យមានកំណើតកូនកើនឡើង ប៉ុន្តែវិធានការទាំងនេះមិនទាន់ទទួលបានលទ្ធផលដូចដែលរំពឹងទុកឡើយ។
រដ្ឋាភិបាល សិង្ហបុរី បានផ្តល់ប្រាក់រង្វាន់សម្រាប់ទារកថ្មី ការបញ្ចុះពន្ធ និងពេលឈប់សម្រាកមាតាបិតាយូរជាងមុន ដើម្បីលើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូន។ ទោះជាយ៉ាងណា អត្រាកំណើតនៅតែស្ថិតក្រោម 1 ហើយមនុស្សវ័យក្មេងៗជាច្រើនកាន់តែផ្តោតលើអាជីព សេរីភាពផ្ទាល់ខ្លួន និងគុណភាពជីវិត ជាជាងការរៀបចំគ្រួសារ។
បទពិសោធន៍នេះស្រដៀងនឹងនិន្នាការនៅប្រទេសអភិវឌ្ឍន៍ជាច្រើន ដូចជា កូរ៉េខាងត្បូង, ជប៉ុន និង ចិន ដែលអត្រាកំណើតទាំងអស់បានធ្លាក់ចុះក្រោមកម្រិត ស្រ្តីម្នាក់មានកូន 2.1 នាក់។
ទិន្នន័យបឋមបង្ហាញថា អត្រាកំណើតនៅសិង្ហបុរីប្រហែល 0.97 ក្នុងឆ្នាំ 2024 ទាបខ្លាំងបើប្រៀបធៀបនឹងឆ្នាំ 1965 ពេលស្ត្រីម្នាក់មានកូនមធ្យមជិត 4.6 ដល់ 4.7 នាក់ តាមការរាយការណ៍របស់ Bloomberg។
មន្ត្រីរដ្ឋាភិបាលបានទទួលស្គាល់បញ្ហានេះ ដោយឧបនាយករដ្ឋមន្ត្រី Gan Kim Yong បញ្ជាក់ថា ពិបាកផ្តល់សញ្ញាវិជ្ជមាន ខណៈទិន្នន័យឆ្នាំ 2025 មិនទាន់រួចរាល់។ សារព័ត៌មាន The Straits Times ក៏រាយការណ៍ថា មន្ត្រីមួយចំនួនពិពណ៌នាស្ថានភាពនេះថា មិនទាន់ច្បាស់លាស់ បន្ទាប់ពីមានការលេងសើចថា មនុស្សសព្វថ្ងៃចូលចិត្តចិញ្ចឹមសត្វជាងចិញ្ចឹមកូន។
អត្រាកំណើតទាបនាំឱ្យសង្គមចាស់ឡើងយ៉ាងលឿន ហើយសិង្ហបុរីកំពុងឈានទៅជាសង្គម “ចាស់ខ្លាំង” ដែលមនុស្សម្នាក់ក្នុងចំណោមប្រាំនាក់មានអាយុ 65 ឆ្នាំឡើងទៅ។ ដើម្បីដោះស្រាយ បណ្ដារដ្ឋាភិបាលបានពឹងផ្អែកលើអន្តោប្រវេសន៍ និងការប្រើប្រាស់រ៉ូបូត និងបញ្ញាសិប្បនិម្មិតក្នុងទីផ្សារកម្លាំងការងារ។
សៀវភៅ Toxic Demography បានព្រមានថា ពេលការថយចុះប្រជាជនចាប់ផ្តើម វាមានទំនោររីករាលដាលបន្ត ធ្វើឱ្យការប្រែប្រួលត្រឡប់វិញយឺត និងមិនប្រាកដ។ ទោះយ៉ាងណា ប្រជាជនថយចុះមិនមានន័យថាសេដ្ឋកិច្ចធ្លាក់ចុះឡើយ ព្រោះសិង្ហបុរីនៅតែជាប្រទេសមានសេដ្ឋកិច្ចរុងរឿងបំផុតមួយក្នុងពិភពលោក ដោយ GDP ក្នុងមនុស្សម្នាក់ឡើងដល់ចំណាត់ថ្នាក់ទីពីរពិភពលោកក្រោម ស្វីស ក្នុងឆ្នាំ 2025។
អ្នកឯកទេសជាច្រើនសង្កត់ធ្ងន់ថា បញ្ហាអត្រាកំណើតមិនអាចដោះស្រាយត្រឹមវិធានការហិរញ្ញវត្ថុបានទេ ព្រោះការផ្លាស់ប្តូរវប្បធម៌អំពីអាពាហ៍ពិពាហ៍ ការងារ និងជម្រើសជីវិត មានឥទ្ធិពលខ្លាំង។ អ្នកសេដ្ឋកិច្ចឈ្នះពានរង្វាន់ណូបែល Claudia Goldin ក៏បានបញ្ជាក់ថា ការផ្លាស់ប្តូរពិតប្រាកដ ត្រូវការឱ្យបុរសក្លាយជាគូរស្វាមី និងឪពុកដែលទុកចិត្តបានកាន់តែច្រើនផងដែរ៕










