ខេត្តកំពង់ចាម៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលធ្លាប់ជាប់ពន្ធនាគារតែមិនរាងចាល នៅតែបន្តសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅស្រុកស្ទឹងត្រង់ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៥ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិមាឃទី៣ ឃុំកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះស្មាន់ សុព្រី ហៅរី អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាមហើយធ្លាប់ជាប់ពន្ធនាគារលើករណីគ្រឿងញៀនចំនួន២ឆ្នាំ និងប្រពន្ធឈ្មោះឡឹប ម៉ាស៊ីតោះ ជាតិខ្មែរឥស្លាម អាយុ៣៦ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែ ហើយក៏ធ្លាប់ជាប់ពន្ធនាគារលើករណីគ្រឿងញៀន១ឆ្នាំដែរ ។
ប្រភពដដែលបានបន្តឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៤០កញ្ចប់និងជញ្ជីងអេឡិកត្រនិច១ ព្រមទាំងឧបករណ៍វេចខ្ចប់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាមកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ៕
ដោយ៖ វិបុល