ខេត្តបាត់ដំបង ៖ រោងសិប្បកម្មចំហុយ ឬកែច្នៃឈើ និងផលិតធ្យូងអនាម័យចំនួន០២ ដែលសាងសង់ក្បែរគ្នាត្រូវបានព្រះអគ្គី ដែលគេមិនទាន់ដឹងពីមូលហេតុលេបត្របាក់យកអស់គ្មានសល់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភៈនេះ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខណៈដែលពុំមានអ្នកស្នាក់នៅ ។
សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យដ៏មហន្តរាយនេះកើតឡើងនៅឡើយទេ ព្រោះកំពុងទំនាក់ទំនងសួរនាំម្ចាស់ទីតាំង ។ សមត្ថកិច្ចគ្រាន់ តែប្រាប់ថា ម្ចាស់ទីតាំងកែច្នៃ ឬចំហុយឈើ និងផលិតធ្យូងនោះ ឈ្មោះ ទី គឹមអៀង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ និងលក់គ្រឿងសង្ហារឹម នៅម្ដុំផ្សារទូលតាឯក ក្រុងបាត់ដំបង ។
នាយប៉ុស្ដិ៍រដ្ឋបាលឈើទាល លោក ស៊ីម ពិទូ បានប្រាប់ថា អគ្គិភ័យនេះបានកើតឡើង ស្របពេលម្ចាស់មិនបានស្នាក់នៅ ។ រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើងនៅ ឡើយទេ ហើយទំហំនៃការខូចខាតក៏យើងមិនទាន់ដឹងដែរ ព្រោះមន្ត្រីជំនាញ មិនទាន់បានសួរនាំលំអិតពីម្ចាស់ទីតាំង ។
លោកនាយប៉ុស្ដិ៍គ្រាន់តែបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្ដែង រោងសិប្បកម្មចំនួន០២ ឈើ ឬ គ្រឿងសង្ហារឹម និងសម្ភារៈ ឬឧបករណ៍ផលិតធ្យូង ដែលមាន នៅក្នុងទីតាំង ត្រូវបានភ្លើងឆេះទាំងអស់។
ចំពោះរបាយការណ៍មន្ត្រីពន្លត់អគ្គិភ័យ ឲ្យដឹងដែរថា កម្លាំងពន្លត់អគ្គិភ័យបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០៧គ្រឿង ដែលមកពីតាមបណ្ដាស្រុកនានាផងជួយអន្តរាគមន៍ ។ ប៉ុន្តែបានត្រឹមជួយបាញ់ទប់ស្កាត់មិនឲ្យឆ្លងរាលដាលប៉ុណ្ណោះ ព្រោះអគ្គិភ័យឆេះខ្លាំង និងលឿនបំផុត ។ យ៉ាងណាពេលនេះ មន្ត្រីជំនាញបាន និងកំពុងត្រួតពិនិត្យទីតាំងកើតហេតុ និងសួរនាំម្ចាស់សិប្បកម្ម ៕










