ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុធី បូរ៉ាឆាត និងមានលោក ទុង រតនា ជាតំណាងអយ្យការ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដំណើការសវនាការ ដើម្បីប្រកាសសាលក្រមលើសំណុំរឿងជនជាតិអង់គ្លេស២នាក់ ករណីរត់ពន្ធកញ្ឆាក្រៀមឆ្លងដែនពីថៃមកកម្ពុជា ដោយសម្រេចផ្តន្ទាទោសពី ១០ឆ្នាំទៅ ១៤ឆ្នាំ។
ពិរុទ្ធជនទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ Hogg Jordan James ដាក់ពន្ធនាគារចំនួន១០ឆ្នាំ និងពិន័យ១០លានរៀល
*ទី២៖ ឈ្មោះ Crellciran Ashey Stepen ដាក់ពន្ធនាគារ១៤ឆ្នាំ និងពិន័យ១៤លានរៀល។
គួរបញ្ជាក់ថា បុរសជនជាតិអង់គ្លេសទាំង២នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីរត់ពន្ធកញ្ឆាក្រៀម ជិត២០គីឡូក្រាម ពីប្រទេសថៃ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្ដតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
គួរជម្រាបជូនថា ក្នុងប្រតិបត្តិការនោះជាលទ្ធផល កម្លាំងជំនាញបានរកឃើញវត្ថុតាងកញ្ឆាក្រៀមចំនួន២២ដុំ ស្មើនឹងទម្ងន់១៩គីឡូ ៩០២ក្រាម៕ដោយ៖តារា










