តំណាងការិយាល័យ FCDO នៃចក្រភពអង់គ្លេស លោកស្រី Isla Gilmore បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា​ ចំពោះភាពដឹកនាំដោយផ្អែកលើភស្តុតាងជាក់ស្តែង

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការអនុវត្តកម្មវិធី “ការបង្រៀនតាមកម្រិតសមត្ថភាពសិស្ស” (TaRL) ក្រោមអធិបតីភាពលោកស្រីសាស្ត្រាចារ្យបណ្ឌិត បូ ច័ន្ទគូលីកា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះ បានធ្វេីឡេីង​នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត​ ដោយ​មានការចូលរួមពីតំណាងក្រុមប្រឹក្សាចក្រភពអង់គ្លេស ដៃគូអភិវឌ្ឍន៍ (ធនាគារពិភពលោក, VVOB, SEAMEO) មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និងអង្គការ Pratham International ដើម្បីរួមគ្នាលើកកម្ពស់ការរៀនសូត្រកម្រិតមូលដ្ឋានរបស់កុមារកម្ពុជា។

ក្នុងសុន្ទរកថាបើក លោកស្រី​សាស្ត្រាចារ្យបណ្ឌិតបានសង្កត់ធ្ងន់ថាមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាកម្រិតមូលដ្ឋាន ជាអាទិភាពស្នូលនៃផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ២០២៤-២០៣០។ លទ្ធផល TaRL បង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់រួមមាន៖
-សិស្សគោលដៅ ៨៥% ឈានដល់កម្រិតអានកថាខណ្ឌឬរឿង (កើនពី ៣៩%)
-សិស្សគោលដៅ ៩៩% ឈានដល់សមត្ថភាពប្រមាណវិធីដក ចែក និងចំណោទ (កើនពី ៤២%)
លោកជំទាវបានថ្លែងអំណរគុណដល់ដៃគូពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យបន្តកិច្ចសហការដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្រនេះ។

លោក Craig Farmer ប្រធានក្រុមការងារ ASEAN SAGE បានអបអរសាទរកម្ពុជាដែលជាប្រទេសដំបូងក្នុងតំបន់អនុវត្តកម្មវិធី TaRL ពេញលេញយ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេល ១១ខែ។ លោកបានកោតសរសើរកិច្ចសហការយ៉ាងស្អិតរមួតពីថ្នាក់មន្ទីរអប់រំខេត្តបាត់ដំបង និងកំពង់ចាម និងបញ្ជាក់ថាការវាយតម្លៃផលជះនៅខែមិថុនាខាងមុខ នឹងជួយបញ្ជាក់បន្ថែមពីភាពជោគជ័យនៃលទ្ធផលទាំងនេះ។ ចំណែកឯតំណាងការិយាល័យ FCDO នៃចក្រភពអង់គ្លេស លោកស្រី Isla Gilmore បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡាចំពោះភាពដឹកនាំដោយផ្អែកលើភស្តុតាងជាក់ស្តែង។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់ លោកស្រីបានឃើញពីការប្តេជ្ញាចិត្តរបស់គ្រូ និងការរីកចម្រើនរបស់សិស្ស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសម្រេចចិត្តលើគោលនយោបាយអប់រំនាពេលអនាគត។

ក្នុងនាមអង្គការ Pratham International លោកស្រី Usha Rane បានរំឭកពីការសម្របសម្រួលវិធីសាស្ត្រ TaRL ឱ្យស្របតាមបរិបទកម្ពុជា ដូចជាការប្រើតារាងព្យញ្ជនៈនិងស្រៈ និងការរៀនបែបពហុវិញ្ញាណដើម្បីជួយសិស្សរៀនយឺត។ លោកស្រីបញ្ជាក់ថា TaRL ជាវិធីសាស្ត្របត់បែន និងក្រុមការងារត្រៀមបន្តគាំទ្រការអនុវត្តការបង្រៀននិងការរៀន (PTOM) ដើម្បីលើកកម្ពស់មុខវិជ្ជាភាសាខ្មែរនិងគណិតវិទ្យានៅកម្ពុជា។

...

វឌ្ឍនភាពពីកម្មវិធីសាកល្បងនេះសបញ្ជាក់ថា កុមារគ្រប់រូបសុទ្ធតែអាចរៀនបានពូកែ ប្រសិនបើទទួលបានការគាំទ្រនិងវិធីសាស្ត្របង្រៀនត្រឹមត្រូវតាមកម្រិតសមត្ថភាព។ ក្រសួងអប់រំ យុវជន និងកីឡារំពឹងថានឹងបន្តពង្រីកនិងពង្រឹងការរៀនសូត្រកម្រិតមូលដ្ឋាននេះឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ សូមបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print