ក្លឹប Brentford FC បានប្រកាសថា គ្រូបង្វឹក Keith Andrews បានចុះកិច្ចសន្យាថ្មីជាមួយក្លឹប ដែលមានសុពលភាពរហូតដល់ឆ្នាំ 2032។
លោក Andrews ជាជនជាតិអៀរឡង់ បានបង្ហាញសមត្ថភាពគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីឡើងមកកាន់តំណែងគ្រូបង្វឹក ដើម្បីជំនួស Thomas Frank កាលពីខែមិថុនា។
បច្ចុប្បន្ន Brentford កំពុងឈរនៅចំណាត់ថ្នាក់ទី 7 ក្នុងពាន Premier League និងកំពុងមានក្តីសង្ឃឹមឆ្ពោះទៅការប្រកួតអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។
លោក Andrews អាយុ 45 ឆ្នាំ បាននិយាយថា លោកមានអារម្មណ៍ថាត្រូវ “បង្ហាញសមត្ថភាពឲ្យឃើញជាក់ស្តែង” បន្ទាប់ពីបន្តតំណែងពី Thomas Frank ដែលបានដឹកនាំក្លិបអស់រយៈពេល 7 ឆ្នាំនៅភាគខាងលិចទីក្រុងឡុងដ៍ និងជួយឲ្យក្លិបឡើងមកលេងនៅ Premier League។
លោកបាននិយាយលើគេហទំព័រក្លឹបថា៖
«ជាធម្មតា ខ្ញុំគិតថា អ្នកគាំទ្រមួយចំនួនប្រាកដជាមានការព្រួយបារម្ភ។ ប្រសិនបើខ្ញុំរស់នៅទីក្រុង Dublin ហើយឃើញ Thomas Frank ចាកចេញ ហើយគ្រូបង្វឹកបាល់ស្តង់ដារឡើងមកជំនួស ខ្ញុំក៏ប្រហែលជាព្រួយបារម្ភដែរ! ដូច្នេះ ខ្ញុំយល់ច្បាស់អំពីអារម្មណ៍នោះ»។
លោកបន្តថា៖«ខ្ញុំនឹងចាប់យកឱកាសនេះដោយពេញទំហឹង។ ខ្ញុំចង់ធ្វើការយ៉ាងស្មោះត្រង់ យ៉ាងខិតខំ ហើយបង្ហាញសមត្ថភាពឲ្យខ្លួនឯងឃើញថា ខ្ញុំអាចធ្វើការងារនេះបានតាមកម្រិតដែលត្រូវការ»។
នាយកផ្នែកបាល់ទាត់របស់ក្លឹបលោក Phil Giles ក៏បានបន្ថែមថា Andrews បានបង្ហាញថា ជាមនុស្សដែល “សមស្របខ្លាំងជាមួយក្លឹប” បន្ទាប់ពីរដូវកាលដំបូងដ៏ល្អឥតខ្ចោះក្នុងតួនាទីគ្រូបង្វឹក។
Brentford នឹងត្រលប់មកប្រកួត Premier League វិញនៅថ្ងៃសៅរ៍ ខណៈពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Burnley FC៕










