ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Mark Howarth Archer តំណាងក្រុមហ៊ុន G Adventures និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការរៀបចំមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍ (កម្មវិធីជំនួបដៃគូសហប្រតិបត្តិការអន្តរជាតិទី១៣ ឆ្នាំ២០២៦)។
ក្នុងឱកាសជំនួបនេះនេះ ភាគីក្រុមហ៊ុន G Adventures បានគោរពស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ និងជំនួបពីប្រតិបត្តិករទេសចរណ៍ពិភពលោក (GX Summit 2026) នៅកម្ពុជា រួមមានការផ្តល់ទីតាំងរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកនៅវត្តភ្នំ ការរៀបចំដំណើរទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាប។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ល្អរបស់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជាប្រារព្ធព្រឹត្តិការណ៍អន្តរជាតិដ៏ធំ ហើយក្រសួង បានផ្តល់ការគាំទ្រ និងឯកភាពលើសំណើសុំរបស់ក្រុមហ៊ុន។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងបានបញ្ជាក់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងមានសក្តានុពលខ្ពស់សម្រាប់ការធ្វើដំណើរ វិនិយោគ និងរៀបចំព្រឹត្តិការណ៍សកលលោក ដោយសង្ឃឹមថាការរៀបចំព្រឹត្តិការណ៍ GX Annual Summit ២០២៦ នៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕
ដោយ៖តារា










