ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ថា៖ អាកាសចរណ៍ស៊ីវិលប្រមូលចំណូលជូនរដ្ឋបានជាង ៥១ លានដុល្លារ (៥១ ២៦៧ ៨៩១) កើនឡើងលើសផែនការប្រចាំឆ្នាំ ២០២៥ ចំនួន ១,៣២% ទោះបីជាការដឹកជញ្ជូនតាមផ្លូវអាកាស មិនទាន់បានវិលត្រឡប់ដូចដើម ប្រៀបធៀបនឹងឆ្នាំ ២០១៩។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា វិស័យអាកាសចរណ៍ កំពុងដើរតួនាទីសំខាន់លើការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសក្នុងការចូលរួមចំណែកដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់ធ្វើដំណើររបស់ប្រជាជន និងវប្បធម៌។
ជាមួយគ្នានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា ក៏បានមានប្រសាសន៍ថា កំណើនដ៏រឹងមាំនេះ ដោយសារការងើបឡើងវិញ នៃចំនួនទេសចរចិនដែលធ្វើដំណើរចេញក្រៅប្រទេស, និរន្តរភាពតម្រូវការធ្វើដំណើរតាមផ្លូវអាកាសក្នុងតំបន់ជាអាទិ៍ពីប្រទេសថៃ វៀតណាម កូរ៉េ និងជប៉ុន និងការបន្ធូរបន្ថយការរឹតបន្តឹងក្នុងការធ្វើដំណើរ និងការស្តារ និងពង្រឹងសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ឡើងវិញ។
ការងើបឡើងវិញ និងការពង្រីកសមត្ថភាពក្រុមហ៊ុនអាកាសចរណ៍ ខណៈក្រុមហ៊ុនក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំនួនអ្នកដំណើរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅដឹកអ្នកដំណើរចេញ-ចូលតាមផ្លូវអាកាសឱ្យបានចំនួន ៨ លាននាក់ និងទំនិញ ១១២ ពាន់តោន នៅក្នុងឆ្នាំ ២០២៦ ដោយសារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌។
កម្ពុជា មានក្រុមហ៊ុនអាកាសចរចំនួន ៣៦ ក្រុមហ៊ុន កំពុងដំណើរការ និងបានតភ្ជាប់ជើងហោះហើរទៅកាន់ ៥២ ទីក្រុង និង ១៨ ប្រទេស រួមទាំងរដ្ឋបាលពិសេសហុងកុង និងម៉ាកាវ។
សូមជម្រាបជូនថា កម្ពុជា នៅក្នុងឆ្នាំ ២០២៥ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ៦៤ ៨២១ ជើង កើនឡើង ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ លាននាក់ (៦៩៨៨២៥៩) កើនឡើង ១២% និងទំនិញតាមផ្លូវអាកាសមានចំនួន ៩៣ ៨៨៩ តោន កើន ២១% ប្រៀបធៀបនឹងឆ្នាំ ២០២៤៕
ដោយ៖តារា










