កូនស្រីរបស់លោកគីមជុងអ៊ុនបាញ់កាំភ្លើងវែង Sniper Rifle

ចែករំលែក៖

នាង គីមជូអេ ដែលជាកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បានសាកល្បងកាំភ្លើងវែងស្នីប័រ Sniper Rifle ប្រភេទថ្មីមួយ ខណៈពេលកំពុងចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅឯទីលានហ្វឹកហាត់ជាមួយឪពុករបស់នាង។

នៅថ្ងៃទី ២៧ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន និងកូនស្រីរបស់គាត់គីមជូអេ បានប្រគល់កាំភ្លើងវែងស្នីប័រក្នុងករណីពិសេសដល់មន្ត្រីបក្សសំខាន់ៗ និងមន្ត្រីយោធាជាន់ខ្ពស់នៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ។ ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីសមាជលើកទី ៩ របស់បក្ស។
លោកគីមបាននិយាយក្នុងអំឡុងពេលធ្វើបទបង្ហាញថា “សមមិត្តទាំងអស់គ្នា អ្នកបានបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវជាប្រវត្តិសាស្ត្រដែលបានប្រគល់ជូនអ្នកដោយបក្ស បដិវត្តន៍ ប្រទេស និងប្រជាជនក្នុងរយៈពេលប្រាំឆ្នាំកន្លងមក”។ យោងតាមលោក ម៉ូដែលកាំភ្លើងវែងស្នីប័រនេះ ដែលត្រូវបានបង្កើត និងផលិតដោយវិទ្យាស្ថានវិទ្យាសាស្ត្រការពារជាតិ គឺជា “អាវុធដ៏អស្ចារ្យ”។
លោកស្រីគីមយ៉ូជុង ដែលជាប្អូនស្រីរបស់លោកគីមជុងអ៊ុន គឺជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលបានទទួលកាំភ្លើងនេះ។ លោកគីមជុងអ៊ុន រួមជាមួយកូនស្រី និងមន្ត្រីដទៃទៀត ក្រោយមកបានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតនៅឯទីលានហ្វឹកហាត់។
នៅក្នុងរូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង គីម ជូអេ ត្រូវបានគេឃើញពាក់អាវស្បែក បាញ់កាំភ្លើងវែងស្នេប និងប្រើកែវយឹតដើម្បីសង្កេតមើលគោលដៅ ខណៈពេលដែលគីម ជុងអ៊ុន បាញ់។ នៅក្នុងរូបថតមួយទៀត គីម ជូអេ និងឪពុករបស់នាងឈរនៅចំកណ្តាល ហ៊ុំព័ទ្ធដោយមន្ត្រីកាន់កាំភ្លើងវែងជាពីរជួរ។

លោក Yang Mu-jin សាស្ត្រាចារ្យកិត្តិយសនៅសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បាននិយាយថា “ដោយសង្កត់ធ្ងន់ថា គីម ជូអេ ដឹងពីរបៀបបាញ់កាំភ្លើង កូរ៉េខាងជើងកំពុងបង្ហាញសញ្ញាដោយប្រយោលថា នាងកំពុងត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាអ្នកស្នងតំណែង”៕

...

រូបថត​:KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print