ប្រធានាធិបតី Lee Jae Myung បានចុះបញ្ជីលំនៅដ្ឋានឯកជនរបស់គាត់សម្រាប់លក់ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការទប់ស្កាត់ការវិនិយោគដែលរំពឹងទុកនៅក្នុងអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង។
អាផាតមិនស្ថិតនៅទីតំបន់Seongnam ភាគខាងត្បូងទីក្រុង Seoul ដែលលោកជាម្ចាស់រួមជាមួយភរិយា គឺលោកស្រី Kim Hea Kyung ត្រូវបានដាក់លក់កាលពីថ្ងៃសុក្រ តាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតី Kang Yu-jung ក្នុងសេចក្តីថ្លែងការណ៍ដែលសារព័ត៌មាន Yonhap News Agency បានរាយការណ៍។
អ្នកនាំពាក្យបាននិយាយថា ទោះបីលោកមានផ្ទះតែមួយសម្រាប់រស់នៅក៏ដោយ ការសម្រេចចិត្តនេះគឺដើម្បីបង្ហាញជាសាធារណៈពីការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យទីផ្សារអចលនទ្រព្យត្រឡប់ទៅស្ថានភាពធម្មតា។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីលោក Lee បានអំពាវនាវឲ្យម្ចាស់ផ្ទះច្រើនលក់អចលនទ្រព្យរបស់ពួកគេ មុនពេលរដ្ឋាភិបាលគ្រោងលើកលែងការផ្អាកពន្ធចំណេញមូលធនធ្ងន់ធ្ងរ នៅខែឧសភា។
លោក Lee បានទិញអាផាតមិនទំហំ 164 ម៉ែត្រការ៉េ ជាមួយភរិយា ក្នុងឆ្នាំ 1998 ក្នុងតម្លៃ 360 លានវ៉ុន (ប្រហែល 250,000 ដុល្លារ) ហើយរស់នៅទីនោះរហូតដល់ផ្លាស់ទៅលំនៅឋានប្រធានាធិបតី បន្ទាប់ពីចូលកាន់តំណែងកាលពីខែមិថុនាឆ្នាំមុន។
អចលនទ្រព្យនេះត្រូវបានដាក់លក់ក្នុងតម្លៃ 2.9 ពាន់លានវ៉ុន ដែលទាបជាងតម្លៃប្រតិបត្តិការថ្មីៗប្រមាណ 3.1–3.2 ពាន់លានវ៉ុន។ មន្ត្រីជាន់ខ្ពស់មួយរូបបានបញ្ជាក់ថា បច្ចុប្បន្នអាផាតមិននេះកំពុងជួលឲ្យអ្នកជួល ហើយកិច្ចសន្យាជួលនៅមានសុពលភាព។
មន្ត្រីរូបនោះបាននិយាយថា លោកប្រធានាធិបតីមើលឃើញថា ការលក់ផ្ទះឥឡូវនេះ ហើយវិនិយោគប្រាក់ដែលទទួលបានទៅក្នុងទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងៗ អាចមានអត្ថប្រយោជន៍សេដ្ឋកិច្ចជាង។
នៅក្នុងការបង្ហោះលើបណ្តាញសង្គមក្រោយមក លោក Lee បានពិពណ៌នាអាផាតមិននេះថា ជាផ្ទះពោរពេញដោយអនុស្សាវរីយ៍ពីវ័យក្មេង និងជាទីកន្លែងដែលលោកចិញ្ចឹមកូនៗ។ លោកបាននិយាយថា ការលក់នេះបង្ហាញពីការទទួលខុសត្រូវរបស់លោកជាមន្ត្រីសាធារណៈ៕










